កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ អង្គការហេហ្វឺកម្ពុជា និងមន្រ្តីអាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនូវផ្សារសហគមន៍កសិកម្មកសិករព្រៃវិហារខេត្តកំពង់ស្ពឺ ដើម្បីបង្កើតសង្វាក់ផលិតកម្មផ្គត់ផ្គង់ផលិតផលកសិកម្មរបស់កសិករ ដែលប្រឹងប្រែងដាំក្នុងស្រុកមកលក់ជូនប្រជាពលរដ្ឋ។ ផ្សារព្រៃវិហារនេះស្ថិតនៅភូមិចំការដូង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្ថិតក្នុងគម្រោង “សហគ្រាសកែច្នៃផលិតផលមាន់ស្រែខ្មែរសម្រាប់មោទកភាពជាតិកម្ពុជារបស់អង្គការហេហ្វឺកម្ពុជា។
សម្រាប់អង្គការហេហ្វឺកម្ពុជា ការដាក់សម្ពោធផ្សារព្រៃវិហារនេះជាផ្នែកមួយរបស់គម្រោង សហគ្រាសកែច្នៃផលិតផលមាន់ស្រែខ្មែរសម្រាប់មោទកភាពជាតិកម្ពុជា ដែលមានគោលដៅពង្រីកវិសាលភាពចំនួនកសិករ ដើម្បីធានាថាគ្រួសារកសិករទទួលបាននូវកំណើនប្រាក់ចំណូល និងមានជីវភាពរស់នៅប្រសើរឡើង។ មួយទៀតដែរ គម្រោងក៏ចង់ធានាបាននូវចីរភាព ដោយធ្វើយ៉ាងណាកសិករបង្កើនប្រាក់ចំណូល និងមានភាពម្ចាស់ការលើខ្លួនឯង។ ជាងនេះទៀត ផែនការគម្រោងចង់ពង្រីកភាពជាដៃគូជាមួយ ក្រសួងស្ថាប័ន គ្រឹះស្ថានហិរញ្ញវត្តុ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងគ្រឹះស្ថានអប់រំផងដែរ។
អង្គការហេហ្វឺកម្ពុជាបញ្ជាក់បន្ថែមថា សម្រាប់សហគមន៍កសិកម្មកសិករព្រៃវិហារបានទទួលបានការគាំទ្រជាច្រើនរួមមាន ការបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាសហគមន៍ និងសមាជិកក្នុងការពង្រឹងគ្រប់គ្រងអាជីវកម្ម របស់សហគមន៍ បច្ចេកទេសចិញ្ចឹមមាន់និងបន្លែជាដើម។ ជាមួយគ្នានេះ គម្រោងមានទឹកប្រាក់មូលនិធិវិនិយោគចំនួន ៣,០០០ដុល្លារ កាលពីឆ្នាំ ២០២០ និងឆ្នាំ ២០២១ មានទឹកប្រាក់ជាង ៦ពាន់ដុល្លារ និងសាច់ប្រាក់ជាង ៤ម៉ឺន ៩ពាន់ដុល្លារទៀត ជាមូលនិធិចូលរួមឧបត្តម្ភផ្សេងៗ។
លោក ញ៉ែម សារ៉េត នាយកប្រចាំប្រទេសអង្គការហេហ្វឺអន្តរជាតិកម្ពុជា សង្កត់ធ្ងន់ថា នៅពេលសហគមន៍កសិកម្មមានលទ្ធភាពកសាង និងក្លាយជាម្ចាស់ផ្សារសហគមន៍កសិកម្ម នោះកសិករនឹងអាចគ្រប់គ្រងប្រព័ន្ធទីផ្សារកំរិតសហគមន៍។ ជាងនេះ កសិករនឹងក្លាយជាកម្លាំងជំរុញសម្រាប់ការប្រមូលផ្តុំប្រកបដោយភាពច្នៃប្រឌិត និងការចែកចាយផលិតផលកសិកម្មពីកសិដ្ឋានលក្ខណៈគ្រួសារ ទៅកាន់ទីផ្សារទូលំទូលាយ។
ដោយឡែក លោក ម៉ិញ សាវឿន ប្រធានសហគមន៍ កសិករព្រៃវិហារ ថ្លែងថា ផ្សារសហគមន៌កសិកម្មកសិករព្រៃវិហារជាផ្សារមួយក្នុងចំណោមផ្សារទាំង ៦ កន្លែង និងជាផ្សារតែមួយគត់ក្នុងខេត្តកំពង់ស្ពឺ។ លោកបន្តថា ការបង្កើតផ្សារនេះឡើង គឺឆ្លើយតបតាមតម្រូវការចាំបាច់របស់កសិករ ក្រុមផលិតក្នុងសហគមន៍ដែលត្រូវការទីតាំង ប្រមូលផ្តុំកសិផលដើម្បីដឹកជញ្ជូនទៅកាន់ទីផ្សារក្នុងតំបន់ និងទីផ្សារនៅភ្នំពេញ។មួយវិញទៀត សហគមន៍កសិករត្រូវការទីកន្លែងដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់ពួកគេក្នុងការប្រមូលទិញកសិផលរបស់សមាជិកផងដែរ។ ជាងនេះលោកបន្ថែមថា ផ្សារមួយនេះប្រៀបបានជាកន្លែងលក់ធាតុចូលកសិកម្ម និងផ្តល់សេវាកម្មនានាដល់សមាជិកក្នុងសហគមន៍ទាំងមូល។
សូមបញ្ជាក់ថា គម្រោងកម្មវិធីពង្រីកបន្ថែមលើសកម្មភាពការអនុវត្តគម្រោងកម្មវិធីកន្លងមករបស់អង្គការហេហ្វឺអន្តរជាតិកម្ពុជា គឺបានចាប់តាំងពីឆ្នាំ១៩៩៩។ ក្នុងនោះគម្រោងបានរៀបចំចងក្រងគ្រួសារកសិករខ្នាតតូចចំនួនជាង១៥ម៉ឺន ទៅ ៣០ម៉ឺនគ្រួសារ គិតដល់ឆ្នាំ ២០៣០។ តាមរយៈគម្រោងនេះ អង្គការហេហ្វឺអន្តរជាតិកម្ពុជាចង់ប្រែក្លាយកសិករទៅជាក្រុមជួយខ្លួនឯងបាន ដើម្បីឱ្យពួកគេអាចលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃនៃផលិតកម្មមាន់ស្រែខ្មែរ និងបន្លែសុវត្ថិភាពរបស់កសិករ។
តាមការបញ្ជាក់បន្ថែមពីអង្គការហេហ្វឺអន្តរជាតិកម្ពុជា បច្ចុប្បន្នកសិករប្រមាណ ១៥ម៉ឺនគ្រួសារក្នុងខេត្តចំនួន១១ អាចបង្កើតប្រាក់ចំណូលតាមរយៈការផ្គត់ផ្គង់ស៊ុតមាន់ កូនមាន់ មាន់យកសាច់ និងសាច់មាន់ខ្មែរកែច្នៃ និងវេចខ្ចប់ ផ្គត់ផ្គង់ក្នុងស្រុក ដែលជាផ្នែកមួយកាត់បន្ថយការនាំចូលសាច់មាន់ពីប្រទេសជិតខាង៕