en     km
en     km

ក្រុងប៉េកាំងថានឹងមាន “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើ Nancy Pelosi ធ្វើទស្សនកិច្ចនៅតៃវ៉ាន់

Share

កាលពីថ្ងៃចន្ទ ប្រទេសចិនបានព្រមានអំពី “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើលោកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់នាប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោកស្រី Pelosi នឹងក្លាយជាអ្នកនយោបាយអាមេរិកដែលមានឋានៈខ្ពស់បំផុតចាប់តាំងពីឆ្នាំ 1997 ដែលធ្វើដំណើរទៅកាន់កោះតៃវ៉ាន់។​

ប្រទេសចិនចាត់ទុកតៃវ៉ាន់គ្រាន់តែជាខេត្តមួយបំបែកចេញពីចិនតែប៉ុណ្ណោះ ដែលចុងក្រោយនឹងក្លាយជាផ្នែកមួយនៃប្រទេសចិនម្តងទៀត ហើយចិនមិនបានបដិសេធក្នុងការប្រើប្រាស់កម្លាំង ដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ឡើយ។

កាលពីសប្តាហ៍មុន ប្រធានាធិបតី Joe Biden បានប្រាប់អ្នកយកព័ត៌មានថា “ការប្រើមធ្យោបាយយោធាវាមិនមែនជាគំនិតល្អនោះទេ”

ប៉ុន្តែសេតវិមានបានហៅវោហាសាស្ត្ររបស់ចិនប្រឆាំងនឹងការធ្វើដំណើរទស្សនកិច្ចនេះថា “មិនមានប្រយោជន៍ និងមិនចាំបាច់” ។

 ហេតុអ្វីបានជា លោកស្រីPelosi ចង់ទៅទស្សនកិច្ចកោះតៃវ៉ាន់?

ដោយសារមាន​ការ​គាំទ្រកោះតៃវ៉ាន់​យ៉ាង​ខ្លាំង​​ក្នុង​ចំណោម​សាធារណជន​អាមេរិក និង​ក្នុង​សភា​អាមេរិក។លោកស្រីPelosi ក្នុង​អាជីព​ជា​សមាជិក​សភា​​​រយៈពេល35ឆ្នាំ តែងរិះគន់ប្រទេស​ចិន។

លោកស្រីបានបរិហារកំណត់ត្រាសិទ្ធិមនុស្សនៅប្រទេសចិន និងបានជួបជាមួយក្រុមអ្នកប្រឆាំងប្រទេសចិនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងលោកស្រីបានទៅទស្សនាទីលានធានអានមេន ដើម្បីរំលឹកដល់ជនរងគ្រោះដែលត្រូវបានសម្លាប់ ភាគច្រើនជាបាតុករនិស្សិតកាលពីឆ្នាំ1989 ។ តាមផែនការគ្រោងទុកលោកស្រី Pelosi ត្រូវទៅទស្សនកិច្ចកោះតៃវ៉ាន់តាំងពីខែមេសា ឆ្នាំ២០២២នេះប៉ុន្តែត្រូវបានពន្យារពេលដោយសារលោកស្រី Pelosi បានធ្វើតេស្តវិជ្ជមានCovid-19។ លោកស្រី Pelosi ​បាន​បដិសេធ​មិន​និយាយ​លម្អិត​អំពី​​ដំណើរទស្សនកិច្ច​នេះទេ ប៉ុន្តែ​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា វា​ជា​ការ​សំខាន់​សម្រាប់​យើង​ក្នុង​ការ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​តៃវ៉ាន់។

 ហេតុអ្វី​​ចិន​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ចរបស់លោកស្រី Pelosi នៅពេល​នេះ? 

ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយបានលើកឡើងម្តងហើយម្តងទៀតនូវលទ្ធភាពនៃការបង្រួបបង្រួមកោះតៃវ៉ាន់ដោយប្រើកម្លាំងក្នុងករណីចាំបាច់។

មន្ត្រី​ចិន​បាន​សម្តែង​ការ​ខឹងសម្បារ​ចំពោះ​អ្វី​ដែល​ពួកគេ​ចាត់ទុក​ថា​ជា​ការ​បង្កើន​ទំនាក់ទំនង​ការទូត​រវាង​ក្រុង​តៃប៉ិ និង​ក្រុង​វ៉ាស៊ីនតោន។ ការ​ខឹងសម្បារនេះ​រួម​បញ្ចូល​ទាំង​ដំណើរ​ទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទៅ​កាន់​កោះតៃវ៉ាន់​ដោយ​សមាជិក​សភា​អាមេរិក​ចំនួន ៦ នាក់​កាលពី​ខែ​មេសា។កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានព្រមានថាប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើលោកស្រី Pelosi បំពេញទស្សនកិច្ចនៅតៃវ៉ាន់។លោក Zhao Lijian បាននិយាយថា “សហរដ្ឋអាមេរិកនឹងទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកធ្ងន់ធ្ងរ” ។អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​​ថា​អាច​នឹងមានការ​ឆ្លើយ​តប​តាមមធ្យោបាយ​យោធា។

លោកវរសេនីយ៍ឯក Tan Kefei បានប្រាប់កាសែត China Daily ថា “ប្រសិនបើភាគីអាមេរិកទទូចចង់ធ្វើបែបនេះទៀត យោធាចិននឹងមិនអង្គុយនៅស្ងៀមទេ ហើយនឹងចាត់វិធានការខ្លាំងក្លា ដើម្បីរារាំងការជ្រៀតជ្រែកពីខាងក្រៅ និងការប៉ុនប៉ងផ្តាច់ខ្លួនឯករាជ្យរបស់កោះតៃវ៉ាន់” ។

សារព័ត៌មាន BBC វ៉ាស៊ីនតោន ២៧ កក្កដា ២០២២

Share

ព័ត៌មានទាក់ទង

Image