ភ្នំពេញ៖ សមាជិកសភាសហភាពអឺរ៉ុបចំនួន ៥៦៧ ក្នុងចំណោម ៦៣០ រូប កាលពីថ្ងៃម្សិលមិញបានអនុម័តគាំទ្រនូវវិធានការព្រមានលុបចោលជំនួយសម្រាប់កម្ពុជានូវទឹកប្រាក់ ៤៣៥ លានដុល្លារអាមេរិក ប្រសិនបើលោក សម រង្ស៊ី មិនអាចវិលមកកម្ពុជាធ្វើនយោបាយវិញបាន។
សភាអឺរ៉ុបដែលមានសមាជិក ២៨ ប្រទេស បានអនុម័តលើសេចក្តីសម្រេចជាផ្លូវការរបស់ខ្លួន ដោយបានស្នើឱ្យតុលាការកម្ពុជាទម្លាក់ចោលនូវរាល់ការចោទប្រកាន់ទាំងអស់លើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងទាមទារឱ្យរដ្ឋសភាផ្តល់អភ័យឯកសិទ្ធិសភា ព្រមទាំងសមាជិកភាពសភាដល់លោក សម រង្ស៊ី វិញ។
ចំណែកមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គឺលោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានហៅថាការព្រមានលុបចោលជំនួយមកកម្ពុជារបស់សភាសហភាពអឺរ៉ុប ថាជាការសម្តែងមតិជាលាយលក្ខណ៍អក្សររបស់សមាជិកសភាសហភាពអឺរ៉ុបតែប៉ុណ្ណោះ មិនមែនជាការដាក់សម្ពាធ ឬបង្ខំដល់រដ្ឋាភិបាលនីមួយៗនៅសហភាពអឺរ៉ុប ឱ្យអនុវត្តការសម្តែងមតិនេះឡើយ ហើយសហភាពអឺរ៉ុបក៏មិនអាចបង្ខំឱ្យកម្ពុជាធ្វើតាមខ្លួននោះដែរ។
លោក ផៃ ស៊ីផាន បានឱ្យដឹងបន្ថែមទៀតថា ការសម្តែងមតិរបស់សមាជិកសភាសហភាពអឺរ៉ុប ហាក់មិនទាន់យល់ច្បាស់ពីអ្វីដែលបានកើតឡើងនៅកម្ពុជានោះទេ លោកក៏បានចាត់ទុកការសម្តែងមតិជារបស់សមាជិកសភាសហភាពអឺរ៉ុបថាជាការប្រឆាំងលើនីតិរដ្ឋរបស់កម្ពុជា និងមើលមិនឃើញពីការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ។
សូមជម្រាបថា សហភាពអឺរ៉ុប គឺជាប្រភពផ្ដល់ជំនួយច្រើនជាងគេសម្រាប់កម្ពុជា ហើយជំនួយនេះកើតឡើងតាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ស្ដីអំពីការការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា៕