en     km
en     km

អង្គភាពចំនួន១០៤ដាក់ការព្រួយបារម្ភ និងស្នើសុំផ្អាកការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញលើកទី១០

Share

ភ្នំពេញ៖ អង្គការ សហជីព និងសមាគមក្រៅរដ្ឋាភិបាលប្រមាណ១០០ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍ ដោយដាក់ក្តីព្រួយបារម្ភលើការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញកម្ពុជាលើកទី១០។ ក្រុមសង្គមស៊ីវិលក៏ស្នើសុំផ្អាកការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញនេះ ព្រោះសំអាងថា វិសោធនកម្មនេះ អាចប៉ះពាល់ដល់ស្ថិរភាពអំណាចរដ្ឋ និងអំណាចនីតិប្រតិបត្តិ ការគោរពសិទ្ធិសេរីភាពពលរដ្ឋខ្មែរ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្នុងសេចក្ដីថ្លែងការរួមមួយបានចេញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ពីអង្គការក្រៅរដ្ឋាភិបាល សហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍ សរុបចំនួន១០៤ មានខ្លឹមសារព្រួយបារម្ភជាខ្លាំង ចំពោះការស្នើរបស់រាជរដ្ឋាភិបាល អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។ តាមសេចក្ដីថ្លែងការរួម ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងកាលៈទេសៈនេះ គឺអាចបណ្ដាលឱ្យប៉ះពាល់ដល់ស្ថិរភាពអំណាចរដ្ឋ និងអំណាចនីតិប្រតិបត្តិ ការគោរពសិទ្ធិសេរីភាពពលរដ្ឋខ្មែរ ដែលមានចារិកក្នុងរដ្ឋធម្មនុញ្ញ។

យោងទៅតាមសេចក្ដីថ្លែងការរួមដដែល  មានហេតុផលចំនួន៤ បានលើកឡើងចំពោះការព្រួយបារម្ភ អំពីការធ្វើវិសោធនកម្មនេះ ដោយទី១ សេចក្ដីថ្លែងការរួមបញ្ជាក់ថា មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជន ដូចមានចារិក ក្នុងបុព្វកថា ត្រង់ចំណុចនេះ គឺមិនមានការផ្សព្វផ្សាយ និងកំណត់ក្នុងគោលនយោបាយរបស់គណបក្សពេលឃោសនាបោះឆ្នោតកន្លងមក ដែលនាំឱ្យពលរដ្ឋខ្មែរមិនទាន់បានយល់ដឹងអំពីគំនិតផ្ដួចផ្ដើមនៃវិសោធនកម្មនេះ ដោយទូលំទូលាយនៅឡើយ។ ចំណែកហេតុផលទី២ ប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សក្នុងប្រព័ន្ធសភានិយម ដែលហាមដោយមាត្រា155ថ្មី  ដោយសេចក្ដីព្រាងនេះ នៅតែមានការបោះឆ្នោតជាកញ្ចប់ ព្រមទាំងបានបង្កើតចំនួនសមាជិកសភាក្នុងការធ្វើញត្តិស្ដីបន្ទោសដល់រដ្ឋាភិបាលគឺសំដៅដល់កាតបន្ថយឱកាសធ្វើញត្តិបន្ទោស និងការចាត់តាំងវរ:ជននាយករដ្ឋមន្ដ្រី ដោយមិនមានការឯកភាពពីប្រធាន និងអនុប្រធានរដ្ឋសភា ធ្វើឲ្យថយចុះនូវអំណាចរដ្ឋសភា។

ដោយឡែកហេតុផលទី៣ ទាក់ទងដល់នយោបាយ ដោយអង្គភាពទាំង១០៤ បានលើកឡើងថា ធ្វើឱ្យប៉ះពាល់ដល់ស្មារតីឯកភាព និងសាមគ្គីភាពជាតិ ដោយសារកាលៈទេសៈនេះ មានការប្រេះឆាខាងផ្នែកនយោបាយនៅឡើង ផ្អែកតាមមាត្រា៩២ ដែលហាមរដ្ឋសភាមុនឱ្យអនុម័តច្បាប់ដែលប៉ះពាល់ដល់ឯកភាពនយោបាយរបស់ប្រទេសជាតិ។

សម្រាប់ហេតុផលចុងក្រោយទី៤ ទាក់ទង់ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ កាលណាអំណាចរដ្ឋសភាថយចុះ នឹងប៉ះពាល់ដល់ជំនឿទុកចិត្តលើប្រព័ន្ធច្បាប់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចនោះអ្នករងគ្រោះជាប្រជាពរដ្ឋ និងប្រទេសជាតិទាំងមូល។ នេះបើតាមការបញ្ជាក់ពីសេចក្ដីថ្លែងរួមដដែល ដោយបន្ដឱ្យដឹងបន្ថែមថា គ្រាន់តែមានគោលបំណងចង់ឃើញប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញរឹងមាំ ឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋខ្មែរ។ ក្រៅពីនេះ ចង់ឃើញការឯកភាពជាតិខាងនយោបាយ រវាងគណបក្ស និងអ្នកនយោបាយទាំងអស់ និងស្នើសុំរដ្ឋសភាពិចារណាក្នុងការផ្អាកនូវការអនុម័តលើសេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ។ អង្គភាពទាំងអស់រំលេចថា រហូតដល់គណបក្សនយោបាយ ដាក់ខ្លឹមសារពង្រាងបទបញ្ញត្តិនៃមាត្រាសែលស្នើសុំវិសោធនកម្មនេះ ចូលក្នុងកម្មវិធីនយោបាយរបស់គណបក្សខ្លួន ហើយឃោសនាពន្យល់ដល់ប្រជាពលរដ្ឋ និងផ្ដល់ឱកាសឱ្យពលរដ្ឋសម្ដែងនូវឆន្ទៈរបស់ខ្លួនតាមរយៈការបោះឆ្នោតសិន។

សូមជម្រាបថា រដ្ឋធម្មនុញ្ញកម្ពុជា តាំងពីឆ្នាំ១៩៩៣ មក មានការធ្វើវិសោធនកម្មចំនួន៩ លើកមកហើយ។ បើផ្អែកតាមអ្នកសង្កេតការណ៍នានា ដែលធ្វើការតាមដានរឿងនេះនៅក្នុងអង្គការសង្គមស៊ីវិល វាយតម្លៃរាល់ការធ្វើវិសោធនកម្មនេះ ភាគច្រើនបម្រើដល់គោលបំណងសម្របសម្រួលនយោបាយពេលប្រទេសជួបវិបត្តិ និងបញ្ហាជាមួយដល់អ្នកនយោបាយ មិនបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិនោះទេ។ ដូចជាវិសោធនកម្មលើកទី៩ ដែលទាក់ទងដល់អ្នកនយោបាយត្រូវតែមានសញ្ជាតិខ្មែរតែមួយជាដើម អង្គការសង្គមស៊ីវិលភាគច្រើនលើកឡើងថាគឺជាហេតុផលនយោបាយ។

បែបនេះក្ដី លោក សុខ ឦសាន្ដ អ្នកនាំពាក្យរដ្ឋាភិបាលនិងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធ្លាប់បញ្ជាក់ថា ការធ្វើវិសោធកម្មនឹងជួយពង្រឹងនីតិរដ្ឋ និងភាពចន្លោះប្រហោងនៃច្បាប់កម្ពុជា ពិសេសធានាស្ថិរភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕

Share

ព័ត៌មានទាក់ទង

Image