en     km
en     km

ក្រុមអង្គការសង្កមស៊ីវិលថ្កោលទោសការប្រហារជីវិតអ្នកទោសនៅភូមាថាជាអំពើអមនុស្សធម៌និងរំលោភសិទ្ធិមនុស្ស

Share

ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលចំនួន ៥ ក្នុងប្រទេសកម្ពុជា បានចេញសេចក្ដីថ្លែងការរួមគ្នាមួយដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះហេតុការណ៍ប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ៤ នាក់នៅប្រទេសមីយ៉ាន់ម៉ា ឬភូមា ដោយចាត់ទង្វើនោះជាអំពើអមនុស្សធម៌ រំលោភសិទ្ធិចូលរួមនយោបាយ និងបញ្ចេញមតិរបស់ប្រជាជនភូមា។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ អង្គការសមាគមមិនមែនរដ្ឋាភិបាលកម្ពុជាចំនួន ៥ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយដោយថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការប្រហារជីវិតសកម្មជនមីយ៉ាន់ម៉ា ឬ ភូមាចំនួន ៤នាក់ពីសំណាក់របបយោធាភូមាថាជាអំពើអមនុស្សធម៌ រំលោភលើសិទ្ធិមនុស្ស និងសិទ្ធមូលដ្ឋានបញ្ចេញមតិរបស់មនុស្សជាតិ។

សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ិវិល បានសម្ដែងនូវការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្ដីសម្រេចប្រហារជីវិតលើសកម្មជននយោបាយ ដែលទង្វើនេះបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស សិទ្ធិចូលរួមក្នុងវិស័យនយោបាយ និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋភូមា។

បន្ថែមពីការសោកស្ដាយ និងព្រួយបារម្ភ សេចក្ដីថ្លែងការណ៍បានអំពាវនាវឱ្យប្រធានប្ដូរវេនអាស៊ាន និងសមាគមអន្ដរជាតិ និងអង្គការសហប្រជាជាតិ ចាត់វិធានការឆ្លើយតបជាបន្ទាន់ចំពោះទង្វើឃោរឃៅ ព្រៃផ្សៃ  និងហិង្សារបស់របបយោធាភូមា មកលើសកម្មជននយោបាយ។ ក្រុមសង្គមស៊ីវិលយល់ថា ទង្វើនេះធ្វើឡើងក្នុងបរិបទឧក្រិដ្ឋកម្មមនុស្សជាតិលើពលរដ្ឋខ្លួន ដែលពលរដ្ឋគ្រាន់តែប្រើប្រាស់ដើម្បីអនុវត្តសិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិរបស់ពួកគេ។

ទាក់ទង់រឿងនេះដែរ កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍មួយផងដែរ ដោយថ្កោលទោសចំពោះការសម្រេចចិត្តរបស់របបយោធាភូមិនេះ។ ក្នុងនោះកម្ពុជាធ្លាប់ស្នើសុំឱ្យយោធាភូមាពិចារណាឡើងវិញលើសេចក្ដីសម្រេចចិត្តផ្តន្ទាទោសលើសកម្មជនទាំង ៤ នាក់នោះ។ កម្ពុជាបានចាត់ទុកអំពើនេះ ជាទង្វើមិនអាចអន់ឱនបាន ព្រោះបានទាញថយក្រោយនូវវឌ្ឍនភាពអាស៊ាន  និងថែមទាំងសរបញ្ជាក់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន។ នេះបើយោងទៅតាមសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានចេញថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

ចំណែក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានហៅការសម្រេចចិត្តរបស់យោធាភូមាដែលបានកាត់ទោសប្រហារជីវិតសកម្មជនទាំងបួននាក់នោះថា “ជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខរបស់មនុស្ស”។

សូមជម្រាបថា សកម្មជននយោបាយទាំង៤នាក់ ដែលរបបយោធាភូមា កាត់ទោសប្រហារជីវិត ពួកគេគឺជាសកម្មជនរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD) របស់លោកស្រី អ៊ុង ស៊ូជី។ បើតាមសមាគមជួយអ្នកទោសនយោបាយ(AAPP)ឱ្យដឹងថា ចាប់តាំងពីលោកស្រីត្រូវបានឃុំខ្លួនក្នុងផ្ទះ មានករណីជាច្រើនបានទម្លាក់លើលោកស្រី និងសកម្មជនទាំងអស់ ក្នុងនោះមានមនុស្ស ២១១៤ ត្រូវបានសម្លាប់ដោយកងកម្លាំងយោធាភូមា៕

Share

Image
Image
Image