en     km
en     km

ដើមកោងកាង៣ពាន់ដើមបានដាំក្រោមកិច្ចការស្តារព្រៃកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រឡើងវិញ

Share

ភ្នំពេញ៖ ក្រសួងបរិស្ថានសហការជាមួយអាជ្ញាធរនិងភាគីពាក់ព័ន្ធនានាបានរៀបចំការព្រឹត្តិការណ៍ដាំដើមកោងកាងចំនួន ៣០០០ដើម នៅចំណុចសហគមន៍នេសាទភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។
តាមក្រសួងបរិស្ថាន ការដាំកូនដើមកោងកាងនេះ ជាផ្នែកមួយដើម្បីលើកកម្ពស់និរន្តរភាព ការយល់ដឹងអំពីបរិស្ថាន និងការចូលរួមស្តារព្រៃកោងកាងឡើងវិញនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។ មួយទៀតដែរ ព្រឹត្តិការណ៍ដាំកូនកោងកាងនេះ ត្រូវបានរំពឹងថា នឹងក្លាយជាសារដ៏សំខាន់បណ្តុះស្មារតីពលរដ្ឋឱ្យ ស្រឡាញ់បរិស្ថាន និងចូលរួមអភិរក្សធនធានធម្មជាតិកាន់តែខ្លាំងថែមទៀត។

 

រូបពីក្រសួងបរិស្ថាន

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងក្នុងពិធីនោះថា ដើមកោងកាង គឺជាតំបន់ទ្រនាប់រវាងដីគោក និងសមុទ្រ ដែលអាចទប់ទល់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រផងដែរ។ ជាងនេះលោកថា ព្រៃកោងកាងប្រៀបដូចជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុផងដែរ។ មិនតែប៉ុណ្ណោះលោក នេត្រ ភត្ត្រា ចាត់ទុកដើមកោងកាងថាជាចំណែកមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយជួយកាត់បន្ថយភាពក្រីក្រ និងមានតួនាទីយ៉ាងសំខាន់ព្រោះជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងជាប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប។

 

រូបពីក្រសួងបរិស្ថាន

លោកអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចាំបាច់ត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ ព្រោះព្រៃកោងកាងផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ។
សូមបញ្ជក់ថា ក្នុងឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីព្រៃកោងកាងសរុបចំនួន ៥៨ ៨០០ហិកតា។ ក្នុងនោះនៅខេត្តកែបមានទំហំជាង ១ពាន់ ហិកតា ខេត្តកំពតមានទំហំជិត ២ពាន់ហិកតា ខេត្តព្រះសីហនុមានទំហំជាង ៩ពាន់ ហិកតា និងខេត្តកោះកុងមានទំហំជាង ៤ម៉ឺន ៦ពាន់ហិកតា៕

Share

ព័ត៌មានទាក់ទង

Image