en     km
en     km

កម្ពុជាថ្កោលទោសការប្រហារជីវិតសកម្មជនបក្សប្រឆាំងនៅប្រទេសមីយ៉ានម៉ា

Share

ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ចាត់ទុកទង្វើប្រហារជីវិតលើសកម្មជនបក្សប្រឆាំងមីយ៉ានម៉ាចំនួន ៤ នាក់ ថា ជាការទាញថយក្រោយនូវវឌ្ឍនភាព ទោះបីមានការស្នើសុំពិចារណាឡើងវិញពីសំណាក់ប្រធានអាស៊ាននិងរដ្ឋសមាជិកអាស៊ានយ៉ាងណាក្ដី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីការប្រហារជីវិតសកម្មជនបក្សប្រឆាំងបួននាក់នៅមីយ៉ាន់ម៉ា កាលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ ដែលទើបចេញផ្សាយលើទំព័រហ្វេសប៊ុកក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៦ខែកក្ដដានេះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

តាមរយៈសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលកម្ពុជាកំពុងកាន់តំណែងជាម្ចាស់ផ្ទះ ខ្លួនបានចេញសេចក្ដីថ្លែងការណ៍ដោយចាត់ទុកទង្វើប្រហារជីវិតលើសកម្មជនបក្សប្រឆាំងចំនួន ៤ នាក់នៅប្រទេសមីយ៉ាន់ម៉ា ថាជាសកម្មភាពមិនអាចអន់ឱនបាន ហើយទង្វើព្រៃផ្សៃនេះបានទាញឱ្យមីយ៉ាន់ម៉ាថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសរបញ្ជាក់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ានផងដែរ។

ក្នុងសេចក្ដីថ្លែងការណ៍ដែលចេញថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២​ បានឱ្យដឹងបន្ថែមថា ការអនុវត្តទោសប្រហារជីវិតលើសកម្មជនបក្សប្រឆាំង ៤រូបនេះ ធ្វើឡើងមុនកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី ៥៥ មួយអាទិត្យតែប៉ុណ្ណោះ ពោលកិច្ចប្រជុំនោះធ្វើឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។

ដោយឡែក កិច្ចប្រជុំខាងមុខនេះមិនមានការចូលរួមពីមីយ៉ាន់ម៉ានោះទេ ត្បិតប្រទេសជាសមាជិកអាស៊ានទាំង៩ យល់ឃើញថា មីយ៉ាន់ម៉ាមិនទាន់មានការជឿនលឿនគ្រប់គ្រាន់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច របស់អាស៊ាន។ នេះបើតាមការបញ្ជាក់ពីលោក ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេសកម្ពុជា។

តែយ៉ាងណា នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបានរំលេចបន្ថែមថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន សូមលើកបន្ទរនូវសំឡេងដ៏លើសលុបក្នុងមជ្ឍដ្ឋានអាស៊ាន ក៏ដូចជាសហគមន៍អន្ដរជាតិ ដោយជំរុញឱ្យអាជ្ញាធរទីក្រុងណៃពិដោរ ចាត់វិធានការជាក់ស្ដែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកឆន្ទ ៥ ចំណុច និងធម្មនុញ្ញអាស៊ាន ឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនេះសេចក្ដីថ្លែងការណ៍ ថែមទាំងអំពាវនាវឱ្យជៀសវាងសកម្មភាពទាំងឡាយណាដែលធ្វើឱ្យវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែធ្លាក់ដុនដាប ព្រោះដើម្បីទប់ស្កាត់ការបាត់បង់ជីវិតមនុស្សកាន់តែច្រើន និងបំបាត់ទុក្ខវេទនារបស់ប្រជាជន។

សូមរម្លឹកថា ការចេញសេចក្ដីថ្លែងការបន្ទាន់ពីប្រធានអាស៊ានបែបនេះ បន្ទាប់ពីសារព័ត៌មានរដ្ឋ – Global News Light of Myanmar បានផ្សាយថា បុរសបួននាក់រួមមាន លោក Phyo Zeya Thaw អតីតសមាជិកសភា លោកKo Jimmy, លោកHla Myo Aung និង Aung Thura Zawor ជាសកម្មជនត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម។ បើតាមសារព័ត៌មានរដ្ឋដដែល​ មិនបានបញ្ជាក់ថាពួកគេបានធ្វើនៅពេលណា ឬដោយរបៀបណានោះទេ គ្រាន់តែរំលេចថា ពួកគេត្រូវបានប្រហារជីវិតដោយសារ “ផ្តល់គំនិតរៀបចំ និងសមគំនិតធ្វើភេរវកម្មដ៏ឃោរឃៅ និងអមនុស្សធម៌” ក្រោមច្បាប់ប្រឆាំងភេរវកម្ម៕

Share

ព័ត៌មានទាក់ទង

Image