en     km
en     km

កម្ពុជានឹងមានភ្លៀងធ្លាក់រយៈពេលមួយសប្ដាហ៍ខាងមុខ

Share

កម្ពុជានឹងមានភ្លៀងធ្លាក់រយៈពេលមួយសប្ដាហ៍ខាងមុខ

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជានឹងអាចមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសនៅចន្លោះពីថ្ងៃទី ២៧ ខែកក្ដដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមចេញផ្សាយនៅថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២២នេះ។
បើតាមក្រសួងធនធានទឹកដដែល ពីថ្ងៃទី២៧ ដល់ថ្ងៃទី០២ ខែសីហា កម្ពុជានឹងទទួលឥទ្ធិពលសម្ពាធខ្សោយ និងប្រព័ន្ធសម្ពាធទាប ITCZ និងខ្យល់មូសុងនិរតីកម្រិតខ្សោយ។
ប្រការនេះ បើតាមក្រសួងធនធានទឹកបញ្ជក់ថា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រឹតខ្សោយទៅមធ្យម លាយឡំបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ តាមបណ្តាលតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ។
យោងតាមរបាយការណ៍ក្រសួងធនធានទឹកបញ្ជក់ថា ក្នុងខែកក្ដដានេះកម្ពុជាបានទទួលរងឥទ្ធិពលសម្ពាធទាបពីប្រទេសនានា ដែលអាកាសធាតុបែបនេះបណ្តាលឱ្យខេត្តក្រុងរាជធានីមួយចំនួនរងនូវភ្លៀងធ្លាក់បង្កជាជំនន់ទឹកភ្លៀង។
ផ្អែកតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងថា ជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ផ្ទះពលរដ្ឋចំនួន ៥៤គ្រួសារក្នុងខេត្តព្រះសីហនុ។ ដោយឡែកខេត្តកោះកុងវិញ ប៉ះពាល់ពលរដ្ឋចំនួន ៤០គ្រួសារ លិចសម្ទូង ៥ហិកតា។ បន្ថែមពីនេះ ជំនន់ទឹកភ្លៀងបានធ្វើលិចផ្ទះពលរដ្ឋ ០៥គ្រួសារ បាក់ក្បាលស្ពាន នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ ហើយខេត្តពោធិ៍សាត់វិញ ជំនន់ទឹកភ្លៀង បានបណ្ដាលឱ្យពលរដ្ឋបីនាក់ស្លាប់ផងដែរ។
ចំពោះមុខស្ថានភាពនេះ ក្រសួងអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដើម្បីអាចជៀសវាងបានពីគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ៕

Share

Image
Image
Image