en     km
en     km

អាជ្ញាធរចុះបោសសំអាតរៀបចំសណ្តាប់ធ្នាប់នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ

Share

ភ្នំពេញ៖ រយៈពេលពីរថ្ងៃជាប់ៗគ្នានេះ គឺនៅថ្ងៃទី ២៤ និងទី២៥ ខែកក្ដដា ឆ្នាំ២០២២ អាជ្ញាធរពាក់ព័ន្ធក្នុងសង្កាត់ស្ទឹងមានជ័យទី១ រាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបោសសំអាតសំរាមនិងរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យឡើងវិញ ខណៈស្ពានអាកាសមួយនេះ សម្បូរដោយសំរាមនិងមានក្មេងញៀនថ្នាំ និងជនអនាថាយកទីតាំងក្រោមស្ពានធ្វើជាទីជម្រុកនិងសេពថ្នាំញៀន។

នេះបើតាមទំព័រហ្វេសប៊ុករបស់សាលាសង្កាត់ ស្ទឹងមានជ័យ​ ដែលបានបង្ហោះរូបភាពសកម្មភាពចុះបោសសំអាតទីតាំងខាងលើនៅថ្ងៃទី២៤ និងទី២៥ ខែកក្ដដា ឆ្នាំ២០២២។

សកម្មភាពអាជ្ញាធរនិងកម្មករក្រុមហ៊ុនស៊ិនទ្រីចុះសំអាតទីតាំងក្រោមស្ពានស្ទឹងមានជ័យ។រូបភាពពីសាលាសង្កាត់ស្ទឹងមានជ័យ។

 

តាមទំព័រហ្វេសប៊ុកសាលាសង្កាត់ស្ទឹងមានជ័យ កម្លាំងអាជ្ញាធរបានសហការជាមួយក្រុមហ៊ុនស៊ិនទ្រីសម្អាតសំរាម បានចុះទៅប្រមូលសំរាម ​ជម្រះ​ស្មៅ និង​ព្រៃនៅទីតាំងស្ពានអាកាសស្ទឹងមានជ័យ។ ប្រតិបត្តិការនេះ បើតាមសាលាសង្កាត់ស្ទឹងមានជ័យ គឺដើម្បីកាត់ផ្តាច់ភាពអាណាធិបតេយ្យ ដែលកើតឡើងដោយក្មេងញៀនថ្នាំ យកទីតាំងនោះលាក់ពួកសំងំសេព និងចែកចាយលក់ដូរថ្នាំញៀន។ ជាងនេះសកម្មភាពនេះ ក៏ជាផ្នែកមួយជួយកាត់បន្ថយនូវជនអនាថាដែលតែងយកទីតាំងក្រោមស្ពានជាកន្លែងស្នាក់នៅផងដែរ។

ក្រៅពីសកម្មភាពខាងលើ សាលាសង្កាត់ស្ទឹងមានជ័យនៅព្រឹកនេះ​ បានចុះពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ពិសេសការលក់ដូររបស់ប្រជាពលរដ្ឋនៅទីនោះឲ្យមានរបៀបរៀបរយ ពោលគឺមិនឱ្យមានការរំលោភបំពានលើផ្លូវមិនផ្លូវសាធារណៈផងដែរ៕​

 

Share

Image
Image
Image