ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១លាន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការបោសសំអាតមីននៅទូទាំងប្រទេស។
នេះបើតាមព្រះរាជសាររបស់អង្គព្រះមហាក្សត្រនិងព្រះមហាក្សត្រីមុនិនាថ ចុះព្រះហស្ថលេខានៅថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ ២០២២ តែទើបត្រូវបានផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាននៅថ្ងៃទី២៥ខែកក្ដដាឆ្នាំ២០២២នេះ។
ជាការកត់សម្គាល់ នៅក្នុងពិធីរំលឹកខួបលើកទី៣០ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងរំដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC)។ ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវដល់ប្រទេសជាមិត្តមានប្រទេស ជប៉ុន សាធារណរដ្ឋកូរ៉េ ចិន សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបនិងសប្បុរសជនទាំងអស់ចូលរួមវិភាគទានក្នុងបុព្វហេតុបោសសំអាតមីននៅកម្ពុជា។
បើតាមលោក ហេង រតនា អគ្គនាយក CMAC ប្រាប់សារព័ត៌មានក្នុងស្រុកថា អង្គភាពស៊ីម៉ាក់បានទទួលទឹកប្រាក់ពីរាជរដ្ឋាភិបាលក្នុងការបោសសំអាតមីនបានចំនួនជាង ១១ លានដុល្លារគិតត្រឹមដើមខែកក្ដដាឆ្នាំ២០២២នេះ៕