យុវជនចលនាមាតាធម្មជាតិ រំពឹងថា តុលាការជាន់ខ្ពស់នឹងទំលាក់បទចោទទាក់ទងនឹង«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការលើកឡើងរបស់សកម្មជនបរិស្ថាននេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូល បើកសវនាការលើបណ្ដឹង «សាទុក្ខ» នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដានេះ។
សកម្មជនបរិស្ថាន ១រូប ក្នុងចំណោម ៣ រូប គឺកញ្ញា ភួង កែវរស្មី បានលើកឡើងថា កញ្ញរំពឹង ថាតុលាការកំពូលនឹងទំលាក់បទចោទលើរូបកញ្ញា និងសកម្មជន ២ រូបទៀត នៅថ្ងៃប្រកាសសាលដីកាខាងមុខ។ កញ្ញា កែវរស្មី អះអាងថា ខ្លួនបានបង្ហាញភាពស្អាតស្អំរបស់ខ្លួនដល់តុលការ ដោយបញ្ជាក់ថា អំឡុងពេលរូបកញ្ញនៅក្នុងពន្ធនាគារក្តី និងនៅក្រៅឃុំក្តី កញ្ញាមិនបានបង្កភាពវឹកវរដល់សង្គម ដូចចោទប្រកាន់ពីសំណាក់តុលាការឡើយ។
បើតាមកញ្ញា កែវរស្មីថា តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្ដឹង សារទុក្ខ របស់សកម្មជនបរិស្ថាន ៣ រូបគឺ កញ្ញា ភួង កែនវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅម៉ោង៨ព្រឹកនាថ្ងៃសុក្រទី២៩ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។
ភ័ស្តុតាងដោះបន្ទុករបស់របស់យើង ពួកយើងអាចថា លើកឡើងពាក់ព័ន្ធនិងការតែងតែមានការទាមទាឱ្យមានការដោះលែងពួកយើង ក៏ដូចជាមានពានរង្វាន់ដែលយើងទើបតែទទួលបានពីខាង Front Line Defender ដោយសារតែការធ្វើការ ដើម្បីប្រយោជន៍សង្គមរបស់យើង ក៏ដូចជាពានរង្វាន់ដែលយើងទទួលបានពីអង្គាការនៅក្នុងស្រុក ដែលបានសហការគ្នាដើម្បីផ្តល់ពានរង្វាន់ឱ្យយើងកាលថ្ងៃទី១២ ធ្នូ។ ទាំងអស់ហ្នឹងសុទ្ធតែជាភស្តតាងដែលបង្ហាញពីភាពស្អាតស្អំរបស់យើង។ ប្រសិនបើយើងប្រព្រឹត្តខុសច្បាប់មិនមែនសូម្បីអង្គាការអន្តរជាតិ អង្គការជាតិ អង្គការសង្គមស៊ីវិល ស្ថានទូតបរទេស រឺមួយក៏ប្រជាពលរដ្ឋរាប់លាននាក់ ដែលតែងតែគាំទ្រសកម្មភាពរបស់ពួកយើង [បែជាពួក] គាត់មកគាំទ្រមនុស្សដែលធ្វើបទល្មើសនៅក្នុងសង្គមទេ អាហ្នឹងជាអីដែលយើងលើកឡើងបង្ហាញពីភាពស្អាតស្អំ ក៏ដូចជា វាគំាទ្រទៅដល់ពួកយើង [ដែលថា] មិនមានបទល្មើសហ្នឹង។
ផ្តល់បទសម្ភាសន៍ឱ្យ វិទ្យុស្ត្រី នៅថ្ងៃសុក្រ ទី២២នេះ កញ្ញា ភួង កែវរស្មី បានសម្តែងការសោកស្ដាយចំពោះអាជ្ញាធរ ដែលបានចោទប្រកាន់ទាំងអយុត្តិធម៌មករូបកញ្ញា និងសកម្មជនផ្សេងទៀត។ កញ្ញា ភួង កែវរស្មីថា សកម្មភាពរបស់ក្រុមខ្លួន គួរតែទទួលបាននូវការលើកទឹកចិត្តពីអាជ្ញាធរទើបត្រូវ ព្រោះកន្លងមកក្រុមរបស់កញ្ញាបានជួយការពារបរិស្ថាន និងសម្បត្តិធម្មជាតិ។ កញ្ញា ភួង កែវរស្មី អំពាវនាវទៅតុលការកំពូលសូមផ្តល់យុត្តិធម៌ឱ្យក្រុមរបស់ខ្លួន និងអំពាវនាវក្រុមយុវ័យផ្សេងទៀត ដែលកំពុងធ្វើសកម្មភាពការពារបរិស្ថាន កុំឱ្យបាក់ទឹកចិត្ត ដោយសារតែ និងការចោទប្រកាន់ក្រុមឃ្លួនពីសម្លាក់អាជ្ញាធរ និងតុលាការនៅពេលនេះ។
មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការសម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មើលឃើញថា មហាអយ្យការអមតុលាការកំពូលតែងតែងការពារសេចក្តីសម្រេចរបស់តុលាការជាន់ទាប។ ចំពោះអ្នកការពារសិទ្ធមនុស្សរូបនេះ នៅតែមើលឃើញ តុលាការមិនមានភ័ស្តុតាងរឹងមាំ ដើម្បីដាក់បន្ទុកលើយុវជនបរិស្ថាន តាំងតែពីដំបូងមកម្លេះ។
លោក អំ សំអាត បន្ថែមថា យុវជនទាំង ៣ នាក់ ហាក់ដូចមិនបានប្រព្រឹត្តិបទល្មើស ដូចការចោទប្រកាន់របស់អាជ្ញាធរ និងការផ្តន្ទាទោសរបស់តុលាការជាន់ទាបទាំង២ថ្នាក់កន្លងមកទេ។ សកម្មភាពរបស់ពួកគេ ដែលបានធ្វើកន្លងមក គឺក្នុងបំណងចូលរួមកែលំអរបរិស្ថាននៅកម្ពុជា អោយមានភាពល្អប្រសើរ។
បើយើងមើលទៅការជជែកដេញដោលពីរកណីនេះតាំងពីតុលាការជាន់ទាប រហូតដល់តុលាការឧទ្ធរណ៍យើងឃើញថា មិនមានភស្តតាងអីដើម្បីធ្វើការចោទប្រកាន់ដល់អ្នក ៣ នាក់ហ្នឹងទេ។ អញ្ចឹងហើយបានយើងនៅតែគិតថា តុលាការកំពូលនឹងទំលាក់បទចោទទៅលើអ្នកទាំង ៣ នាក់ហ្នឹង បាទ។
សូមរំលឹកថា យុវជនការពារបរិស្ថានទាំង ៣នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២០ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធទៅនឹងគម្រោងយុទ្ធនាការដើរតែម្នាក់ឯងរបស់កញ្ញា ឡុង គន្ធា ទៅកាន់គេហដ្ឋានរបស់នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំឲ្យបញ្ឈប់ការលុប បឹងតាមោក នៅជាយរាជធានីភ្នំពេញ។ បន្ទាប់មក សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសពួកគេដាក់ពន្ធនាគារ រយៈពេលពី ១៨ ខែ ទៅ២០ខែ កាលពីខែឧសភា ឆ្នាំ២០២១។
ក្រោយមក គឺកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍បានចេញសេចក្តីសម្រេច ដោយព្យួរទោសសាកល្បងសកម្មជនបរិស្ថានទាំង ៣នាក់ ប៉ុន្តែសិទ្ធិនិងសេរីភាពរបស់ពួកគេត្រូវបានកំហិត រយៈពេល ៣ឆ្នាំ ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ៕