en     km
en     km

ក្រសួងប្រៃសណីយ៍ទុកពេលឱ្យប្រតិបត្តិករសេវាអ៊ីនធើណេត១០ខែកែលម្អគុណភាពសេវាទូរគមនាគមន៍

Share

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទុកពេលឱ្យប្រតិបត្តិករទូរគមនាគមន៍សេវាអ៊ីនធើណេតទាំងអស់ រយៈពេល ១០ខែ ដើម្បីកែលំអ និងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន។ នេះជាការបញ្ជក់របស់ក្រសួងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឱ្យអនុវត្ត “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍”នៅថ្ងៃទី២០ខែកក្ដដាឆ្នាំ២០២២។

ក្រសួងបញ្ជក់ថា ករណីប្រតិបត្តិករទូរគមនាគមន៍ណាមិនអនុវត្តតាមស្តង់ដារអប្បបរមាដែលបានកំណត់ក្នុងសេចក្ដីប្រកាសរបស់ក្រសួងនោះទេ នោះនឹងត្រូវទទួលរងពិន័យ។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានរំលេចថា រយៈពេលជាង ១ ឆ្នាំកន្លងមកនេះ ក្រសួងបានចាត់តាំងក្រុមការងារនីតិកម្ម និងក្រុមការងារបច្ចេកទេសធ្វើការសិក្សាស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្ត និងស្តង់ដារទូរគមនាគមន៍របស់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងពិភាក្សាជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ រៀបចំសេចក្តីព្រាង “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” ដើម្បីកំណត់បទដ្ឋានបច្ចេកទេសជាក់លាក់។
ការធ្វើបែបនេះ សំដៅពង្រឹងគុណភាពសេវានិងបណ្តាញទូរគមនាគមន៍របស់ខ្លួន និងដើម្បីចូលរួមការពារធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់ ទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាពស្របតាមទឹកប្រាក់ដែលបានបង់។


គួរបញ្ជាក់ដែរថា កត្តាដែលធ្វើឱ្យក្រសួងប្រៃសណីយ៍ បានចេញសេចក្ដីប្រកាសព័ត៌មានដ៏តឹងរ៉ឺងនេះ ដោយសារតែគុណភាពសេវាទូរគមនាគមន៍បច្ចុប្បន្ន នៅមានកម្រិតនៅឡើយ។
គួររម្លឹងថាកាលពីសប្ដាហ៍មុន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានអំពាវនាវឱ្យពង្រឹងសេវាអ៊ីនធើណេតឡើងវិញជាចាំបាច់ផងដែរ ជាពិសេសសេវាអ៊ីនធើណេតនៅតាមតំបន់ទេសចរណ៍៕

Share

ព័ត៌មានទាក់ទង

Image