en     km
en     km

សកម្មជនបរិស្ថានរំពឹងថានឹងមានអ្នកចូលរួមឃ្លាំមើលសវនាការពួកគេច្រើននៅថ្ងៃស្អែក

Share

ភ្នំពេញ៖ យុវជនសកម្មជនបរិស្ថានរំពឹងថា នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២២ស្អែកនេះ នឹងមានមហាជនចូលរួមតាមដានសវនាការរបស់ពួកគេនៅតុលាការកំពូល។ សកម្មជនបរិស្ថានម្នាក់ប្រាប់វិទ្យុស្រ្តីថា ទោះបីជាពួកគេមិនរំពឹងថា តុលាការទម្លាក់ចោលបទចោទលើពួកគេក៏ដោយ តែសកម្មជនទាំងបីនៅតែមានគោលជំហរចូលរួមការពារបរិស្ថានមិនបោះបង់ដដែរ។ 

នៅថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២២ស្អែកនេះ តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះលើសកម្មជនបរិស្ថានចំនួន ៣ នាក់ក្នុងនោះរួមមាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា។

រូបកញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី  និងលោក ថុន រដ្ឋាសកម្មជនបរិស្ថាន

សវនាការនេះ ធ្វើឡើងបន្ទាប់ពីអ្នកទាំងបីបានសម្រេចប្ដឹងសាទុក្ខទៅតុលាការកំពូល ដោយមិនព្រមទទួលយកការសម្រេចរបស់សាលាឧទ្ធរណ៍ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ នេះបើតាមដីកាកោះហៅរបស់តុលាការកំពូលចុះថ្ងៃទី១៥មិថុនាឆ្នាំ២០២២។
យ៉ាងណាទំព័រហ្វេសប៊ុករបស់លោក ថុន រដ្ឋា បានសរសេរសារនៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២២នេះ រូបគេបានអំពាវនាវដល់បណ្តាអង្គការសង្គមស៊ីវិល និងអង្គទូតនានាចូលរួមឃ្លាំមើលសវនាការរបស់ពួកគេនៅថ្ងៃស្អែក។ ពួកគេចាត់ទុកថា ការតាមដានសវនាការនិងវត្តមានរបស់មហាជននៅថ្ងៃស្អែកនេះ ជាការលើកទឹកចិត្តយ៉ាងសំខាន់ដល់ពួកគេ។


កញ្ញា ភួន កែវរស្មី សកម្មជនម្នាក់ក្នុងចំណោមសកម្មជនទាំងបីប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២២ ថា កញ្ញាហាក់មិនសូវមានសង្ឃឹមចំពោះតុលាការដែលនឹងអាចទម្លាក់ចោលបទចោទមកលើរូបកញ្ញានិងសកម្មជនផ្សេងទៀតនោះទេ។ សម្រាប់កញ្ញា កែវ រស្មី យល់ថា ការសម្រេចទោសមកលើរូបនាងនិងសកម្មជនដទៃទៀត គឺជារឿងអយុត្តិធម៌ ព្រោះពួកគេមិនបានធ្វើសកម្មភាពណាមួយបង្កការខូចខានដល់សង្គមនោះទេ តែផ្ទុយទៅវិញពួកគេធ្វើសកម្មភាពការពារបរិស្ថានដែលកំពុងរងការវិនាសហិនហោចតែប៉ុណ្ណោះ។ យ៉ាងណាកញ្ញារំពឹងថា សវនាការនៅថ្ងៃស្អែកនឹងមានអ្នកចូលរួមតាមដានដើម្បីលើកទឹកចិត្តពួកគេ។

សំឡេងកញ្ញាភួន កែវរស្មី៖

 

សូមរំលឹកថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍បានចេញសេចក្តីសម្រេច ដោយព្យួរទោសសាកល្បងសកម្មជនបរិស្ថានទាំង ៣នាក់ ប៉ុន្តែសិទ្ធិនិងសេរីភាពរបស់ពួកគេត្រូវបានកំហិតរយៈពេល ៣ឆ្នាំ ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
សកម្មជនជាយុវជនបរិស្ថានទាំង ៣នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២០ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធទៅនឹងគម្រោងយុទ្ធនាការដើរតែម្នាក់ឯងរបស់កញ្ញា ឡុង គន្ធា ទៅកាន់គេហដ្ឋានរបស់នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំឲ្យបញ្ឈប់ការលុបបឹងតាមោកនៅជាយរាជធានីភ្នំពេញ។ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសពួកគេដាក់ពន្ធនាគារ ចន្លោះពី១៨ខែទៅ២០ខែ កាលពីខែឧសភា ឆ្នាំ២០២១៕

Share

ព័ត៌មានទាក់ទង

Image