en     km
en     km

រដ្ឋមន្ដ្រីកសិកម្មថា គំនិតផ្តួចផ្តើម“ខ្សែក្រវាត់ និងផ្លូវ”បានផ្តល់ផលប្រយោជន៍ដល់វិស័យកសិកម្មកម្ពុជា 

Share

លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ផលិតផលកសិកម្មកម្ពុជា បាននាំចេញទៅកាន់ទីផ្សារប្រទេសចិនមានទំហំគិតជាទឹកប្រាក់១៩៤២លានដុល្លា ក្នុងរយៈពេល៣ឆ្នាំ៦ ខែ។ លោកថានេះមកពី គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលជួយដល់វិស័យកសិកម្មកម្ពុជា។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

រដ្ឋមន្ដ្រីកសិកម្ម វេង សាខុន បានលើកឡើងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ពិតជាបានផ្តល់នូវផលប្រយោជន៍ សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសកម្ពុជា។ ការលើកឡើងរបស់ លោក វេង សាខុន ខណៈចូលរួមកិច្ចសន្ទនាអនឡាញស្ដីពីកសិកម្មកម្ពុជា-ចិន ក្រោមក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ»ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានលើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរ កម្ពុជា-ចិន វិនិយោគបង្កើនសមត្ថភាពក្នុងការផលិត និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ពិសេសធ្វើឲ្យប្រសើរឡើង នូវវិស័យកសិ-ឧស្សាហកម្ម និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈធ្វើការអភិវឌ្ឍរួមគ្នា ដោយប្រើប្រាស់សក្តានុពលនៃការអភិវឌ្ឍឲ្យអស់ពីលទ្ធភាព និងពង្រីកទំហំទីផ្សារផលិតផលកសិកម្ម សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទំាងពីរ ប្រកបដោយចីរភាព។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្មដដែល។

លោកថែមទាំងបន្ដដោយលើកពីការនាំចេញ ផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំ ៦ខែ គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ ៦ខែ ដើមឆ្នាំ២០២២ កន្លងមកនេះ សម្រេចបានទំហំជាង ២.៤ លានតោន ដែលក្នុងនោះ មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្មចំនួន២៤មុខផ្សេងទៀត ដែលមានតម្លៃ ១៩៤២លានដុល្លារអាមេរិក។

បើតាមលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា កាលឆ្នាំ២០១១ ជាឆ្នាំនៃការសាកល្បងនៃការនាំចេញអង្ករទៅកាន់ប្រទេសចិនបានត្រឹមតែចំនួន ៦១១តោនតែប៉ុណ្ណោះ ហើយឆ្នាំ២០១២ ជាឆ្នាំចាប់ផ្ដើមផ្លូវការបានចំនួន ៣ ០០០ តោន រហូតដល់ឆ្នាំ២០២១ មានបរិមាណចំនួន ៣០៩ ៧០៨ តោន ហើយសម្រាប់រយៈពេល ៦ខែដើមឆ្នាំ២០២២ នេះបាននាំចេញទៅកាន់ប្រទេសចិនមានចំនួន ១៦៨ ២៨០ តោន ដែលបរិមាណនាំចេញនេះគ្របដណ្តប់ប្រមាណជាជាង ៥១% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងឆមាសទី១ នៃឆ្នាំ២០២២។ លោកបន្ថែមថា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ទាំងផ្នែកកសិកម្ម និងពាណិជ្ជកម្ម សម្រាប់រយៈពេលទៅមុខ ខាងវិស័យឯកជនរបស់កម្ពុជាមានសង្ឈឹម និងជឿជាក់ថា ដំណើរការដាំដុះ ផលិតកម្មកែច្នៃ និងបរិមាណនៃការនាំចេញអង្ករទៅកាន់ទីផ្សាររបស់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តនានា របស់ប្រទេសចិន នឹងបន្តកើនឡើងឥតឈប់ឈរ ។

គួរបញ្ជាក់ថា គំនិតផ្គួចផ្ដើម “ខ្សែក្រវ៉ាត់ និងផ្លូវ” គឺជាការតភ្ជាប់តំបន់អាស៊ី ទៅតំបន់អឺរ៉ុប ដែលជួយពង្រឹងផ្នែកនយោបាយ,ហេដ្ឋារចនាសម្ព័ន្ធ,សេដ្ឋកិច្ច,ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ គម្រោងដែលបង្កើតឡើងដោយប្រធានាធិបតីចិន លោក ស៊ី កាលពីឆ្នាំ២០១៣ នេះ គឺជាកាលានុវត្តភាពដ៏សំខាន់របស់កម្ពុជា ដែលអាចទាក់ទាញអ្នកនិយោគិនពីប្រទេសចិន ចូលមកកម្ពុជាសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពិសេសកំពុងប្រែក្លាយប្រទេសមួយដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ កម្ពុជាបានចូលជាសមាជិកនៃគម្រោងនេះនៅឆ្នាំ២០១៦។ក្រៅពីវិស័យកសិកម្ម ក៏មានគម្រោងធំៗ ចំនួន២ទៀតដែលទទួលបានពីគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនដែរ គឺផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តព្រះសីហនុ ដែលមានរោងចក្ររហូត ២០០រោងចក្រ ដែលអាចផ្ដល់ការងារដល់ប្រជាពលរដ្ឋ ជាង២ម៉ឺន៦ពាន់នាក់៕

Share

Image
Image
Image