ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២២នេះថា លោកស្រីខកចិត្តដែលសហរដ្ឋអាមេរិកបានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងបញ្ជីខ្មៅមួយលេខទៀត ស្ថិតក្នុងប្រទេសដែលមិនបានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបញ្ហាជួញដូរ និងបង្ខាំងមនុស្សខុសច្បាប់។
លោកស្រីបញ្ជក់ដោយមិនអស់ចិត្តថា កម្ពុជាបានប្រឹងប្រែងសហការជាមួយបណ្តាដៃគូរនានាធ្វើការងារដោះស្រាយបញ្ហាការជួញដូរមនុស្សនេះបានប្រសើរជាងមុន តែបែរជាធ្លាក់លេខទៅវិញ។
សូមស្តាប់ប្រសាសន៍លោកស្រី ជូ ប៊ុនអេង បន្ថែម៖
ការសម្តែងការខកចិត្តរបស់មន្ត្រីកម្ពុជាដែលធ្វើការងារលើបញ្ហាជួញដូរមនុស្សរូបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ ខែកក្ដដា បានដាក់បញ្ចូលវៀតណាម កម្ពុជា ម៉ាកាវ និងប្រទេសមួយចំនួនទៀតទៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សពីកម្រិតលេខ ២ មកលេខ ៣ ក្រោយហេតុផលមានកិច្ចខិតខំតិចតួចដើម្បីបញ្ឈប់ការងារចាប់បង្ខំផ្លូវភេទ ឬការជួញដូរមនុស្ស។ ផ្អែកតាមរបាយការណ៍របស់ក្រសួងការទេសអាមេរិកដដែល ប្រទេសដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅនេះ អាចនឹងរងទណ្ឌកម្មពីសំណាក់អាមេរិកពាក់ព័ន្ធនឹងបញ្ហាការជួញដូរមនុស្ស។
យ៉ាងណាក្នុងរបាយការណ៍ដដែលនេះ សហរដ្ឋអាមេរិកបានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានចាត់វិធានការមួយចំនួន ដូចជាការបន្តចាប់ខ្លួន ការកាត់ទោសអ្នកជួញដូរមនុស្ស និងជួយជនរងគ្រោះនៅបរទេសឱ្យត្រលប់មកប្រទេសវិញ។ ប៉ុន្តែអំពើពុករលួយ បានបង្អាក់ប្រតិបត្តិការអនុវត្តច្បាប់ និងការទទួលខុសត្រូវចំពោះឈ្មួញជួញដូរ៕