en     km
en     km

ក្រសួងកសិកម្មអំពាវនាវកសិករម្ចាស់ចម្ការតាង៉ែនដាក់ពាក្យស្នើសុំចុះបញ្ជីនាំចេញទៅប្រទេសចិន

Share

ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន នៅក្រុងបាត់ដំបង ដែលបង្ហោះលើផេកហ្វេសប៊ុកក្រសួងកសិកម្មនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មតាង៉ែន និងម្ចាស់រោងចក្រវេចខ្ចប់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់នាំចេញផ្លែតាង៉ែនស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមដាក់ពាក្យស្នើសុំចុះបញ្ជីដើម្បីនាំចេញ។

លោក បានបញ្ជាក់ថា ផ្លែតាង៉ែនស្រស់ស្ថិតក្នុងក្រុមផលិតផល ដែលមានកម្រិតហានិភ័យខ្ពស់ ហើយដើម្បីឱ្យការនាំចេញនូវផលិតផលកសិកម្មរបស់កម្ពុជា ពិសេសផ្លែតាង៉ែនទៅកាន់ទីផ្សារនៃប្រទេសចិន កសិករត្រូវតែអនុវត្តកសិកម្មល្អ មានន័យថា ការអនុវត្តកសិកម្មល្អ គឺជាស្តង់ដារស្ម័គ្រចិត្តមួយសម្រាប់អនុវត្តការងារកសិកម្មល្អ ក្នុងអំឡុងពេលធ្វើផលិតកម្ម ពេលប្រមូលផល និងក្រោយពេលប្រមូលផល ។

សូជម្រាបថា កសិកម្ម គឺជាវិស័យនាំមុខមួយ ដែលផ្ដល់នូវថាមពលបន្ថែមដល់កំណើនសេដ្ឋកិច្ច និងចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ ។ រាជរដ្ឋាភិបាលនៅតែបន្ដផ្ដល់អាទិភាពទៅលើវិស័យកសិកម្ម ដើម្បីឈានឆ្ពោះទៅរកការពន្លឿនកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។ នេះបើតាមការលើកឡើងរបស់លោក ងិន ឆាយ។

ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់អគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួនជាង ៤លាន ៦១៦ពាន់តោន (៤ ៦១៦ ៤៤៨,៨៣តោន) ទៅកាន់ទិសដៅ៦០ប្រទេស គឺកើនឡើងស្មើនឹង១០,២៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

Share

Image
Image
Image