ក្រសួងទេសចរណ៍ដាក់ឱ្យដំណើរការនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ខណៈវិស័យទេសចរណ៍ឯកជន អំពាវនាវកុំឱ្យគិតលើរបាយការណ៍ហិរញ្ញវត្ថុអាជីវកម្មខ្លាំងពេក ទើបអាចទទួលបានគម្រោងឥណទាននោះ ដោយជោគជ័យ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
យោងទៅតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានដាក់ឱ្យដំណើរការគម្រោងធានាឥណទាន សម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍ ដើម្បីគាំទ្រដល់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។
ក្នុងសេចក្ដីជូនដំណឺង, ម្ចាស់អាជីវកម្មទេសចរណ៍ដែលខ្វះខាតទ្រព្យបញ្ចាំ ដើម្បីធានាកម្ចីក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ អាចទៅប្រឹក្សា និងស្នើសុំកម្ចីដែលមានការធានាឥណទាននៅតាមគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូចំនួន១៥ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។
គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍នេះដែរ គឺជាគម្រោងរបស់សាជីវកម្មធានាឥណទានកម្ពុជា ដែលដើរតួជាទ្រព្យបញ្ចាំ៨០ ភាគរយ នៃកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីធានាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចូលរួមទៅកាន់អ្នកខ្ចី។ នេះបើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ដដែល។
លោកស្រី ឆាយ ស៊ីវលីន ជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់វិទ្យស្ដ្រីថា គម្រោងនេះអាចជួយដល់អាជីវកម្មទេសចរណ៍ដែលពិបាកទៅកម្ចីធនាគារធម្មតាបាន។ តែចំពោះលក្ខន្ដិកលោកស្រីប្រធានសមាគមថានៅមានភាពតឹងរឹងនៅឡើយ។
លោកស្រីនៅតែទទួចឱ្យមានការយោគយល់បន្ថែមទៀត ដល់អាជីវកម្មទេសចរណ៍ ខណៈអ្នកខ្លះអាចទទួលបានគម្រោងនេះហើយ តែអ្នកខ្លះមិនអាចទាន់ទទួលបាន ជាពិសេសអ្នកមានអាជីវកម្មទេសចរណ៍ច្រើនក្នុងដៃដូចជា មានសណ្ឋាគារផង ក្រុមហ៊ុនដឹកជញ្ជូនផង និងក្រុមហ៊ុននាំភ្ញៀវដើរកម្សាន្ដជាដើម ដោយកម្ចីដែលទទួលបានមិនអាចគ្រប់គ្រាប់សម្រាប់អាជីវកម្មរបស់គាត់នោះទេ។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់សហហិរញ្ញប្បទាន ១៥០លានដុល្លាសម្រាប់ស្ដារ និងជំរុញវិស័យទេសចរណ៍ តាមរយៈSME Bank ។ លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានថ្លែងថា ការដាក់អនុវត្តន៍គម្រោងសហហិរញ្ញប្បទានស្ដារវិស័យទេសចរណ៍នេះ មិនត្រឹមតែអាចចូលរួមស្ដារឡើងវិញនៅអាជីវកម្មខ្នាតតូច និងមធ្យម ដែលកំពុងមានកង្វះខាតហិរញ្ញប្បទាន ការជួសជុលទីតាំង ឬគុណភាពសេវាកម្មទេ អាចជួយដល់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមថ្មី ក្នុងវិស័យទេសចរណ៍ យ៉ាងមានប្រសិទ្ធភាពផងដែរ។
បើតាមលោកស្រី ឆាយ ស៊ីវលីនដដែល មានតែអាជីវកម្មទេសចរណ៍ប្រហែល ៣០-៤០ ក្រុមហ៊ុនតែប៉ុណ្ណោះដែលទទួលបានកម្ចីនេះ ខណៈទីតាំងដែលរងផលប៉ះពាល់មានដល់ទៅជិត៤០០០ពាន់ទីតាំងអាជីវកម្ម។ លោកស្រីថា បើចង់ឱ្យអាជីវកម្មទេសចរណ៍ទទួលបានច្រើន គួរកុំផ្ដោតលើលើរបាយការណ៍ហិរញ្ញវត្ថុខ្លាំងពេក បើដូច្នេះគឺមិនអាចដល់គោលដៅអាជីវករទទួលរងផលប៉ះពាល់ខ្លាំងៗនោះទេ ដោយសារអាជីវកម្មទាំងនោះបាត់ចំណូលក្នុងអំឡុងកូវីដ១៩ មិនអាចធ្វើរបាយការណ៍បានល្អឡើយ៕