ក្រុមហ៊ុនដែលធ្លាប់ផលិតទូរស័ព្ទដៃនិងគ្រោះអេឡិចត្រនិចប្រើប្រាស់ ឥឡូវមានមហិច្ឆិតាចង់ផលិតរថយន្តអគ្គិសនីបន្ថែមទៀត ជាអ្វីដែលត្រូវបានគេមើលឃើញថា ក្រុមហ៊ុនកំពុងហាក់ចូលប្រឡូកក្នុងការប្រកួតប្រជែងទីផ្សាររថយន្តអគ្គិសនីជាមួយក្រុមហ៊ុនដទៃទៀតនៅប្រទេសចិន។
(លោក ទាវ វិឆាត ជូនសេចក្តីប្រែសម្រួល)
ក្រុមហ៊ុនផលិតទូរស័ព្ទដៃស្មាតហ្វូន និងបច្ចេកវិទ្យាយក្សមួយរបស់ចិនឈ្មោះថា Xiaomi បានប្រកាសថា ខ្លួនបាននិងកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់បង្ហាញគំរូរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅលើទីផ្សារ ស្របពេលដែលទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសចិនកំពុងតែមានការប្រកួតប្រជែងខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ។
ក្រុមហ៊ុនលំដាប់ពីភពលោកមួយនេះ បានដាក់ទុនវិនិយោគ ១០ពាន់លានដុល្លារអាមេរិក សម្រាប់រយ:ពេល ១០ឆ្នាំ លើការផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួនឈានជើងចូលទៅប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនី។
បើតាមសារព័ត៌មាន GSM Arena ដដែលបន្ថែមថា គំរូរថយន្តអគ្គិសនីនេះ គ្រោងដាក់បង្ហាញជាផ្លូវការនៅខែសីហាខាងមុខនេះ បន្ទាប់ពីលោក លី ជួន (Lei Jun) ជាស្ថាបនិកក្រុមហ៊ុន Xiaomi បានផ្តោតការយកចិត្តទុកយ៉ាងខ្លាំងលើការផលិតរថយន្តមួយនេះ។
បើតាមការបញ្ជក់បន្ថែមគេហទំព័រក្រុមហ៊ុន Xiaomi ឱ្យដឹងថា ក្រោយពេលប្រកាសបង្ហាញគំរូដើមរថយន្តជាផ្លូវការហើយនោះក្រុមហ៊ុនក៏មានបំណងសាកល្បងបើកបរនៅលើផ្លូវផងដែរ។
Xiaomi Auto ដែលជាផ្នែកមួយនៃក្រុមហ៊ុន Xiaomi និងជាអ្នកទទួលបន្ទុកផលិតរថយន្តអគ្គិសនីនេះ នៅមិនទាន់ប្រកាសជាផ្លូវការទាក់ទងនឹងទីតាំងរោងចក្រដែលនឹងត្រូវផលិតរថយន្តអគ្គិសនីនេះ។ ប៉ុន្តែបើតាមប្រភពដែលបានឱ្យដឹងថា ការផលិតរថយន្តនេះ ទំនងអាចត្រូវផលិតនៅក្នុងរោចក្រមួយនៅក្នុងតំបន់ Yizhuang ប្រទេសចិន។
យោងតាម GSM Arenaដដែលបញ្ជក់ថា ក្រុមហ៊ុន Xiaomi នឹងផលិតរថយន្តអគ្គិសនីចំនួន ១៥ម៉ឺនគ្រឿងនៅឆ្នាំ២០២៤។ តែបើសិនជាដំណើរការផលិតប្រព្រឹត្តិទៅបានល្អ នោះក្រុមហ៊ុនអាចរំពឹងផលិតរថយន្តនេះរហូតដល់៣០ម៉ឺនគ្រឿងក្នុងរយៈពេលមួយ។
បើតាមព័ត៌មានពី GSM Arena រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Xiaomi នេះគ្រោងនឹងបញ្ចេញចំនួន ៤ ម៉ូដែលផ្សេងៗគ្នា ។ ដែល ម៉ូដែលប្រភេទ A+ មានតម្លៃលក់ចន្លោះពី ១៥ម៉ឺនទៅ២០ម៉ឺនយ័នស្មើប្រមាណជាង ៣០ម៉ឺនដុល្លារអាមេរិក។ ហើយរថយន្តនេះមានការបំពាក់បច្ចេកវិទ្យាទំនើបគឺវាអាចបើកបរបានដោយស្វ័យប្រវត្តិដោយគ្មានអ្នកបញ្ជា។ ចំណែករថយន្តប្រភេទ B អាចមានតម្លៃចន្លោះពី ២0ម៉ឺនយ័ន ទៅ ៣0ម៉ឺនយ័នស្មើប្រមាណ ៤៤ម៉ឺនដុល្លារ($29,600 និង $44,400) ហើយរថយន្តនេះមានបំពាក់បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តដូចគ្នា។
ចំពោះរូបរាងរថយន្ថអគ្គីសនីនេះវិញ វាជាប្រភេទឡានតូចមានរាងតូចច្រឡឹង ទំហំរបស់វាប៉ុនឡានព្រុស ឬប៉ុនឡានកាមេរីឆ្លាមដែរ៕