ភ្នំពេញ៖ គណបក្សភ្លើងទៀនកាលពីថ្ងៃទី១៧ ខែកក្ដដាឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើអំពើហិង្សាលើលោក នល់ ពង្សធារិទ្ធ អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សេចក្តីថ្លែងការរបស់បក្សភ្លើងទៀនឱ្យដឹងថា លោក នល់ ពង្សធារិទ្ធ ត្រូវបានជនមិនស្គាល់មុខមួយក្រុមលបវាយប្រហារត្រងក្បាលបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលលោកកំពុងជិះម៉ូតូមកប្រជុំនៅទីស្នាក់ការគណបក្សភ្លើងទៀនខណ្ឌពោធិ៍សែនជ័យដែលមានទីតាំងនៅផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែកក្ដដាម្សិលមិញ។
បើតាមរូបភាពដែលបានបង្ហោះលើទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀនកាលពីថ្ងៃម្សិលមិញលោក ពង្សធារិទ្ធ មានស្នាមរបួសត្រង់ក្បាលផ្នែកលើស្លឹកត្រចៀកខាងស្តាំបន្តិចដោយមានឈាមហូរស្រោចខ្លួន។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សភ្លើងទៀន ចាត់ទុកការប្រើហិង្សាលើលោក នល់ ពង្សធារិទ្ធ នេះ ជារូបភាពគម្រាមកំហែងផ្នែកនយោបាយ ដែលធ្វើឱ្យបរិយាកាសនយោបាយកាន់តែអាក្រក់ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។
គណបក្សភ្លើងទៀន អំពាវនាវដល់សមត្ថកិច្ចធ្វើការស៊ើបអង្កេតដោយឯករាជ្យនិងមានប្រសិទ្ធភាព ឈានទៅចាប់ខ្លួនជនល្មើសនិងអ្នកនៅពីក្រោមខ្នង មកផ្តន្ទាទោសតាមច្បាប់។
ជាការកត់ស្គាល់ សកម្មជននិងមន្រ្តីអតីតគណបក្សប្រឆាំងជារឿយៗត្រូវបានជនមិនស្គាល់មុខលបវាយប្រហារ។
តួយ៉ាង លោក ពួក ចិន្តា អតីតប្រធានកងអង្គរក្សរបស់លោក សម រង្ស៊ី លោក ស៊ិន បូណា អតីតចៅសង្កាត់កោះដាច់ពីអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី ហែម ស៊ីនួន អតីតក្រុមប្រឹក្សាសង្កាត់អូរឫស្សី២ លោក ខៀវ ឌីន អតីតក្រុមប្រឹក្សាសង្កាត់កាកាបទី១ និងយុវជន កាក់ សុវណ្ណច្ឆ័យ កូនប្រុសរបស់លោក កាក់ កុម្ភារ មន្រ្តីអតីតបក្សសង្គ្រោះជាតិ សុទ្ធតែរងការវាយប្រហារពីជនមិនស្គាល់មុខបណ្តាលឱ្យរងរបួស៕