en     km
en     km

អតីតអ្នកកាសែតជើងចាស់ផ្តើមគំនិតជួយលើកស្ទួយការនិពន្ធ

Share

ភ្នំពេញ៖ លោក ​កៃ គឹមសុង ដែល​ជាអតីត​​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ហើយបច្ចុប្បន្នជាចាងហ្វាងការផ្សាយរបស់ក្រុមហ៊ុន អាម៉ាហ្សាឌៀ អេឌូខេសិន(Amazadia Education) លើកឡើងថា អ្នកនិពន្ធនៅកម្ពុជាសព្វថ្ងៃមានសម្បូរណាស់ តែពួកគេខ្វះការលើកទឹកចិត្ត ការជួយជ្រោមជ្រែងពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីឱ្យពួកគេមានឱកាសបញ្ចេញស្នាដៃតាមរយៈការនិពន្ធជាសៀវភៅ។ លោកសម្តែងការសោកស្តាយ ដែលអ្នកមានចំណេះដឹង និងមានបទពិសោធន៍ល្អៗមិនអាចបញ្ចេញស្នាដៃរបស់ខ្លួន ហើយស្ពាយចំណេះដឹងទាំងអស់ជាប់តាមខ្លួនពេលស្លាប់បាត់បង់ជីវិតទៅ។

ពិធីសម្ពោធសៀវភៅនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។រូបភាពពីAmazadia Education។

 

ការលើកឡើងរបស់អតីតអ្នកសារព័ត៌មានចាស់វស្សារូបនេះ កើតឡើងក្នុងឱកាសនៃការដាក់សម្ពោធសៀវភៅ«ប្តូររបៀបគិត ជីវិតរុងរឿង»នៅថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២២នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់(Le Royal)រាជធានីភ្នំពេញ។

លោក កៃ គឹមសុង បន្ថែមថា ការបោះពុម្ភសៀវភៅនេះឡើង ជាផ្នែកមួយជួយលើកស្ទួយជ្រោមជ្រែងដល់ការងាររបស់អ្នកនិពន្ធ ព្រោះលោកមើលឃើញថា អ្នកនិពន្ធនិងអ្នកសារព័ត៌មានហាក់នៅមានជីវភាពខ្សត់ខ្សោយនៅឡើយ។ តាមរយៈការបោះពុម្ភសៀវភៅចំនួនមួយម៉ឺនក្បាលនេះ លោកសូមឱ្យសាធារណជនពិសេសអ្នកមានចំណេះដឹងទាំងអស់គប្បីសរសេរសៀវភៅតាមលទ្ធភាពដែលខ្លួនមាន ដើម្បីបន្សល់ទុកជាស្នាដៃល្អៗដល់កូនជំនាន់ក្រោយ។ លោកថា មានតែការសៀវភៅទេ ទើបជាឃ្លាំងចំណេះដឹងធ្វើឱ្យមនុស្សមានពុទ្ធិដែលអាចធ្វើឱ្យប្រទេសជាតិរីកចំរើនបាន។

សៀវភៅ«ប្តូររបៀបគិត ជីវិតរុងរឿង»បានបោះពុម្ភមួយម៉ឺនក្បាលដំបូងសម្រាប់ចែកជារង្វាន់ដោយឥតគិតថ្លៃ។រូបភាពពីAmazadia Education។

 

សូមបញ្ជក់ថា សៀវភៅ«ប្តូររបៀបគិត ជីវិតរុងរឿង»នេះមានកម្រាស់ជាង២០០ទំព័រ​ បោះពុម្ភជា ៦ ភាសាមានភាសា ខ្មែរ បារាំង អង់គ្លេស ចិន កូរ៉េ និងជប៉ុន ហើយបោះពុម្ភចំនួនមួយម៉ឺនក្បាល។ សៀវភៅនេះជាស្នាដៃនិពន្ធរបស់សហអ្នកនិពន្ធមានលោក Pierre Gillette និងលោក គីម សុខលីម។ ស្នាដៃនេះ បានរំលេចឡើងនូវជីវិតតស៊ូជម្នះភាពក្រីក្ររបស់តួអង្គមួយរូបគឺលោក ឃីម សុខហេង ដែលសព្វថ្ងៃលោកជាអ្នកអប់រំមានកេរ្តិ៍ឈ្មោះល្បី និងមានវេហារសាស្រ្តមួយរូប។ ជាងនេះសៀវភៅដែលបានរំលេចរូបលោក ឃីម សុខហេង ច្បាស់ៗលើគម្រប់ខាងមុខនេះ បានបង្ហាញពីគន្លឹះចាកចេញពីភាពក្រីក្ររបស់លោកផងដែរ៕

 

Share

Image
Image
Image