ភ្នំពេញ៖ កីឡាការិនីប៉េតង់កម្ពុជាគឺ អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា ដណ្ដើមបានមេដាយមាសជូនជាតិមាតុភូមិទៀតហើយ បន្ទាប់ពីពួកគេបានវាយជាគូនារី ២នាក់ ទល់ ២នាក់ យកឈ្នះលើកីឡាការិនីជនជាតិបារាំងក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Games ២០២២ នៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៤ខែកក្ដដាឆ្នាំ២០២២នេះ។
នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២២នេះ។
បើតាមក្រសួងអប់រំដដែល មេដាយនេះជាមេដាយមាសទី ២️ ដែលក្រុមកីឡាការិនីប៉េតង់កម្ពុជា ដណ្ដើមបានសម្រាប់ការចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាពិភពលោក បន្ទាប់ពីកីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាស ១គ្រឿង លើវិញ្ញាសាវាយយកពិន្ទុនារីកាលពីម្សិលមិញ។
សម្រាប់ក្រសួង នេះជាមោទកភាពជាតិដែលទង់ជាតិកម្ពុជាត្រូវបានបង្ហូតឡើងជាថ្មីម្តងទៀតលើទឹកដីសហរដ្ឋអាមេរិក។
សូមបញ្ជក់ថា កីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានវាយយកឈ្នះលើកីឡាការិនីបារាំង Nadege BAUSSIAN និង Caroline Marie BOURRIAUD ក្នុងវិញ្ញាសា ២នាក់ ទល់ ២នាក់ ដោយលទ្ធផល ៦ទល់នឹង៤ ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕