en     km
en     km

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន១១នាក់ករណីកែច្នៃផលិតគ្រឿងញៀន

Share

សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗ មាននៅរាជធានី និងខេត្តចំនួន៣។

លោក ឡាក់ ច័ន្តតារា ជូននូវសេចក្ដីរាយការណ៍៖

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានករណីកែច្នៃផលិតគ្រឿងញៀន និងចាប់ខ្លួនជនជាតិចិន ១១នាក់ និងរឹបអូសបានសារធាតុញៀនជាង ១,៨០តោន និងសារធាតុគីមី ជាង ២៧៦តោន  នៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល។ នេះបើតាមទំព័រហ្វេសប៊ុកនគរបាលប្រឆាំងគ្រឿងញៀនចេញផ្សាយនៅថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២២។

តាមប្រភពដដែលបញ្ជាក់ថា សមត្ថកិច្ចជំនាញបានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី ៤-៩ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់។ ក្នុងនោះនៅរាជធានីភ្នំពេញ ៧គោលដៅ ខេត្តស្វាយរៀង២គោលដៅ ខេត្តព្រៃវែង១គោលដៅ ខេត្តកណ្តាល២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃ ផលិត១ទីតាំង និង ស្តុកទុកចំនួន ៦ទីតាំង។

បើតាមអភិបាលរងខេត្តស្វាយរឿង លោក តូច ប៉ូលីវ់ា បានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ច ចម្រុះចុះបង្ក្រាប  ទីតាំងផលិតគ្រឿងញៀន២កន្លែង ក្នុងក្រុងស្វាយរៀង ចាប់បានជនជាតិចិន១១នាក់ និងកម្មករខ្មែរ ៨នាក់ គ្រឿងញៀនជិត២តោន សារធាតុគីមីផ្សំជាង ១២តោនកន្លះ។

មន្ទីប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា បុគ្គលទាំង១១នាក់នោះត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ជាទិវាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន នាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបបាននូវប្រសិទ្ធភាពលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តតាមយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ របស់រដ្ឋាភិបាល ដោយបង្កើនការផ្សព្វផ្សាយពីគ្រោះថ្នាក់ និងឥទ្ធិពលគ្រឿងញៀន ដល់ប្រជាពលរដ្ឋ យុវជន និងជាពិសេសសិស្សានុសិស្សតាមមូលដ្ឋាន ហើយមិនត្រូវលើកលែងឬអត់ឱនទោសឲ្យឧក្រិដ្ឋគ្រឿងញៀនជាដាច់ខាត។ ជាពិសេសអាជ្ញាធរត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់ ទោះបីឧក្រិដ្ឋជនគ្រឿងញៀនជាក្រុមគ្រួសារ សាច់ញាតិក្តី៕

Share

ព័ត៌មានទាក់ទង

Image