ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីប្រកាសព័ត៌មានដោយសម្រេចបិទផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មិនឱ្យចរាចរណ៍ទៀតទេ ព្រោះការប្រើប្រាស់ផ្លូវនេះបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់ ខណៈការសាងសង់មិនទាន់ចប់រួចរាល់។
ក្រសួងសាធារណការបានបន្ថែមទៀតថា ផ្លូវល្បឿនលឿននេះ នៅមិនទាន់បំពាក់បរិក្ខាសុវត្ថិភាពចរាចរណ៍នៅឡើយទេ ហើយក្រសួងបានសម្រេចឱ្យក្រុមហ៊ុនវិនិយោគបិទគ្រប់ផ្លូវចេញចូលទាំងអស់ មិនឱ្យយានយន្តបន្ដធ្វើដំណើរតទៀតទេ លើកលែងតែមានការអនុញ្ញាតពីក្រសួង។
ជាការកត់សម្គាល់ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់លើផ្លូវល្បឿនលឿននេះ ជាក់ស្តែងគ្រាន់តែក្នុងថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២ម្សិលមិញ មានអ្នករងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦នាក់លើផ្លូវល្បឿនលឿននេះ។ ក្នុងចំណោមជនរងគ្រោះទាំង ៦នាក់នោះ មានជនជាតិចិនចំនួន ២នាក់ និងជនជាតិវៀតណាមចំនួនម្នាក់ផងដែរ។
សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ មានប្រវែង ១៨៧គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាការវិនិយោគដោយក្រុមហ៊ុនសាជីវកម្មចិន CRBC ដែលបានឱ្យបើកដំណើរការសាកសល្បងបណ្ដោះអាស្នននៅខែកក្កដានេះ តែក៏ត្រូវបានប្រកាសបិទមិនឱ្យដំណើរការនៅខែកក្កដានេះដែរ ដើម្បីបញ្ចប់ការសាងសង់ទាន់ពេលវេលា៕