en     km
en     km

នាយករដ្ឋមន្រ្តី៖កម្ពុជាអាចមិនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមករណីខ្វះថវិកានិងហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា

Share

​ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃទី១១ ខែកក្ដដាឆ្នាំ២០២២នេះ សម្តេច ហ៊ុន សែន បានសរសេរថា កម្ពុជាអាចមិនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ប្រសិនកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា និងមិនមានធនធានថវិកាទេនោះ។

ការប្រកាសបែបនេះ ស្របពេលដែលនាយករដ្ឋមន្រ្តីកំពុងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញនៅថ្ងៃនេះតែម្តង។

នាយករដ្ឋមន្រ្តីកំពុងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញនៅថ្ងៃទី១១ខែកក្ដដាឆ្នាំ២០២២។

 

តែយ៉ាងណា នាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនដើម្បីឱ្យកម្ពុជារៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនិងជាប្រវត្តិសាស្រ្តនេះឱ្យបានជោគជ័យផងដែរ។ ក្នុងនោះ សម្តេច ហ៊ុន សែន ណែនាំឱ្យគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឱ្យបានរួចរាល់ និងទាន់ពេល។ មួយទៀត ក្រុមការងារត្រូវជួសជុលកែលម្អទីលានប្រកួតការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស (GMS) ការរៀបចំពិធីបើក និងពិធីបិទ កន្លែងស្នាក់នៅ ការហូបចុក និងដឹកជញ្ជូនជាដើម ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន សូមឱ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនចូលរួមយុទ្ធនាការផ្សព្វផ្សាយដើម្បីបំផុសឱ្យប្រជាពលរដ្ឋចូលរួមលេងកីឡា ជៀសវាងការប្រើប្រាស់គ្រឿងញៀន និងចេះសម្អាតបរិស្ថានក្នុងសហគមន៍ជាដើម ។

ជាងនេះសម្តេច ហ៊ុន សែន ស្នើដល់ក្រសួងអប់រំយុវជនពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូចក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរហូតដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដើម្បីផ្តល់ឱកាសឱ្យសិស្ស-និស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ដោយសារតែវិបត្តិនយោបាយ និងសង្គ្រាម និងស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិត ប្រទេសកម្ពុជាមិនធ្លាប់បានធ្វើជាម្ចាស់នៃការប្រកួតនេះឡើយ។ ការប្រកួតនេះ មានប្រទេសចំនួន ១១ ចូលរួមនេះ ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ មកដល់ពេលនេះព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនេះ មានរយៈពេល ៦៤ឆ្នាំមកហើយ៕

Share

ព័ត៌មានទាក់ទង

Image