en     km
en     km

ស្ថានទូតជប៉ុនរៀបចំទទួលសាររំលែកទុក្ខលោក អាបេ ពីសាធារណជន

Share

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជានឹងរៀបចំទទួលសាររំលែកមរណទុក្ខរបស់អតីតប្រធានធិតីជប៉ុន លោក ស៊ីនហ្សូ អាបេ ពីសាធារណជនរស់នៅប្រទេសកម្ពុជាចំនួន ២ កន្លែង គឺនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ នេះបើតាមតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។

អត្ថបទដោយ៖ លោក សារិន សំណាង រាយការណ៍ដោយកញ្ញា អុក រម្យនា

 

 

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រកាសបើកទ្វារទទួលសាររំលែកមរណទុក្ខចំពោះអតីតប្រធានធិតីជប៉ុន លោក ស៊ីនហ្សូ អាបេ ពីសាធារណជនរស់នៅប្រទេសកម្ពុជា នៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញមួយកន្លែង និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបមួយកន្លែង។

ស្ថានទូតជប៉ុនប្រចាំកម្ពុជាបញ្ជក់បន្ថែមថា ចំពោះសាធារណជនដែលមានបំណងចូលរួមសរសេរសាររំលែកទុក្ខនៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប គឺស្ថានទូតនឹងចាប់ទទួលនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២២ នៅវេលាម៉ោង ១០ព្រឹកដល់ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២ដល់ម៉ោង ៤ល្ងាច។

ដោយឡែកស្ថានទូតជប៉ុននៅភ្នំពេញវិញ ចាប់រៀបចំទទួលនៅថ្ងៃពុធ ទី១៣ ដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ ពីម៉ោង ១០ ព្រឹកដល់ថ្ងៃត្រង់ និងពីម៉ោង ២ សៀល ដល់ ម៉ោង ៤ល្ងាច។

តាមរយៈសេចក្តីប្រកាសព័ត៌មានស្ថានទូតជប៉ុនដដែរ ស្ថានទូតសូមឱ្យប្រជាពលរដ្ឋកម្ពុជានិងសាធារណជនទាំងអស់ ដែលមានបំណងចង់មកសរសេរសាររំលែកទុក្ខលោក អាបេ គឺត្រូវប្រាប់ពីគោលបំណងទៅកាន់ភ្នាក់ងារសនិ្តសុខ ដោយបង្ហាញនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម នឹងត្រូវពាក់ម៉ាសផងដែរ។

ជុំវិញការរំលែកទុក្ខចំពោះអតីតប្រធានធិតីជប៉ុន លោក ស៊ីនហ្សូ អាបេ នេះដែរ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១០ ខែកក្ដដា ម្សិលមិញបានប្រកាសបណ្ដាគ្រឹះស្ថានរដ្ឋ និងឯកជននានា បង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង ដើម្បីសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដល់ប្រទេសជប៉ុន ក៏ដូចជាប្រជាជនជប៉ុន ដែលបានបាត់បង់ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ។

លើសពីនេះ ក្រសួងទេសចរណ៍បានណែនាំ ទៅម្ចាស់អាជីវកម្ម ខារាអូខេ ក្លឹបកម្សាន្ត រង្កសាល ឌីស្កូតែក និងបៀហ្គាឌិន ទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកអាជីវកម្មរយៈពេល ១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា។ ចំណែកគ្រឿងស្រវឹងដែលធ្លាប់តែដាក់លក់នៅតាមភោជនីដ្ឋាន  និងអាហារដ្ឋានទេសចរណ៍ក៏ត្រូវហាមឃាត់ក្នុងថ្ងៃដដែរនោះផងដែរ។

ដោយឡែកនៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មុននឹងថ្លែងសុន្ទរកថានៃកិច្ចប្រជុំបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាយករដ្ឋមន្រ្តីនិងអង្គពិធីទាំងមូលបានក្រោកឈរដើម្បីគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម Shinzo Abe ផងដែរ។ សម្តេច ហ៊ុន សែន បានសរសេរសារលើទំព័រហ្វេសប៊ុកបន្ថែមថា សម្តេចពិតជាពិតជាសោកស្ដាយបំផុតចំពោះមរណភាពរបស់លោក អាបេ  ដែលកន្លងមកលោក អាបេ បានផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក៏ដូចជាមួយអាស៊ាន។

សូមរំលឹកថាលោក ស៊ីនហ្សូ អាបេ បានទទួលមរណភាពក្នុងជន្មាយុ ៦៧ ឆ្នាំ នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ ក្រោយការលបបាញ់ប្រហារដោយកំាភ្លើងកែច្នៃចំនួន ២គ្រាប់  ចំដើមទ្រូងខាងឆ្វេង ១គ្រាប់ និងចំត្រង់កញ្ចឹងក ១គ្រាប់ អំឡុងពេលកំពុងឃោសនាបោះឆ្នោតរដ្ឋសភានៅទីក្រុង ណារ៉ា ប្រហែល ៤៨០ គីឡូម៉ែត្រពីទីក្រុង តូក្យូ៕

Share

ព័ត៌មានទាក់ទង

Image