en     km
en     km

អង្គការចំនួន ២ រួមគ្នាផ្ដល់សម្ភារៈសិក្សាដល់សិស្សក្រីក្រកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្ស

Share

កោះកុង៖ អង្គការក្រៅរដ្ឋាភិបាលចំនួនពីរបានប្រគល់សម្ភារៈសិក្សាដល់សិស្សក្រីក្រក្នុងខេត្តកោះកុង បំណងដើម្បីឱ្យសិស្សទាំងនោះអាចមានលទ្ធភាពបន្តការសិក្សាបានពេញលេញ និងជាផ្នែកមួយអាចកាត់បន្ថយភាពក្រីក្រ និងអាចកាត់បន្ថយអត្រានៃការបោះបង់ចោលការសិក្សាបាន។

នៅថ្ងៃទី7 ខែកក្កដា ឆ្នាំ2022 អង្គការ Action Education និងអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម បានរៀបចំកម្មវិធីប្រគល់អាហារូបករណ៍ សម្ភាររៀន និងបង្រៀនដល់ សាលាបឋមសិក្សាប្រឹងព្រាវ ដែលមានទីតាំងនៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីអោយកុមារបានចូលរៀនពេញលេញ តាមរយ:ការផ្ដល់សម្ភារសិក្សា ប្រគល់អាហារូបករណ៍ សម្ភារ:រៀន និងបង្រៀន។ ជាពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ និងការបោះបង់ចោលការសិក្សារបស់សិស្ស។ ក្រៅពីនេះ គម្រោងក៏ផ្ដោតលើការគាំទ្រដល់កុមារក្រៅសាលា អោយទទួលបានសេវាអប់រំពេញបរិបូរណ៍។

លោក អូន គីមសេង

នាយកម្មវិធីនៃអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម លោក អូន គីមសេង បានថ្លែងឱ្យដឹងថា ការចូលរួមរបស់គណអធិបតី លោកគ្រូ អ្នកគ្រូ​ ព្រមទាំងឪពុកម្ដាយសិស្ស គឺជាកត្តាមួយដែលជួយឱ្យកាត់បន្ថយការធ្វើចំណាកស្រុកហើយកុមារមិនបានសិក្សា និងការកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ ព្រមទាំងអំពើហិង្សាផ្សេងៗលើកុមារ។

ទន្ទឹមនេះដែរ​លោក វន សំភាស់ នាយកអង្គការ Action Education បានលើកឡើងថា ដើម្បីចាកចេញពីភាពក្រីក្រ គឺកុមារត្រូវមានការអប់រំ  និងត្រូវតោងការអប់រំឱ្យជាប់ យ៉ាងហោចណាស់ត្រូវចប់ថ្នាក់អនុវិទ្យាល័យ ហើយបន្ដចាប់ជំនាញឯកទេសណាមួយ។

លោក វន សំភាស់

លោកនាយកអង្គការ Action Education រូបនេះបានស្នើទៅកាន់ទៅសិស្សានុសិស្សថា ឱ្យអានសៀវភៅរាល់ថ្ងៃនឹងជួយឱ្យចំណេះដឹងប្រសើរឡើង។ ជាមួយគ្នានោះដែរ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុងបានលើកឡើងថា ក្រោយពេលទទួលបានសម្ភារសិក្សាត្រូវចេះថែរក្សាបានល្អ និងជិះដោយគោរពច្បាប់គឺកៀនៗផ្លូវ ខ្លាចមានគ្រោះថ្នាក់លើដងវិថិ។ លោកបានអំពាវនាវដល់ឪពុកម្ដាយសិស្សឱ្យកូនរៀនឱ្យបានយ៉ាងហោចណាស់ថ្នាក់បាក់ឌុបឬសញ្ញាប័ត្រមធ្យមសិក្សាទុតិភូមិ ដើម្បីងាយស្រួលរកការងារធ្វើ និងទទួលបានប្រាក់កម្រៃខ្ពស់

លោក ស្រេង ហុង

 

យ៉ាងណា អនុមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង លោក សេង សុធី បានថ្លែងអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលទាំងពីរនេះ ដែលបានជួយដល់វិស័យអប់រំក្នុងខេត្តកោះកុង ហើយលោកក៏បានស្នើឱ្យជួយដល់សាលានៅតាមតំបន់ដាច់ស្រយាលផងដែរ ដើម្បីឱ្យការសិក្សាទទួលបានសមភាពស្មើៗគ្នាទាំងអស់។

សូមជម្រាបថា សម្ភារៈរៀន ដែលជាអាហារូបករណ៍សម្រាប់ចែកជូនដល់កុមារចំនួន ៤៩០ នាក់ មកពីសាលាចំនួន ៤៩ មានកង់ចំនួន១៤៥ គ្រឿង សម្លៀលបំពាក់១៣១ កំផ្លេ កាតាបចំនួន១៥៧ និងសៀវភៅចំនួន ៤៥០០ក្បាល៕

Share

ព័ត៌មានទាក់ទង

Image