ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នេះ កម្ពុជាបានប្រកាសពេលវេលារាប់ថយក្រោយចំនួន៣០០ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ផងដែរ ដែលជាប្រវត្តិសាស្ដ្រលើកដំបូងសម្រាប់កម្ពុជា។
នេះបើតាមគេហទំព័រកីឡាស៊ីហ្គេមឆ្នាំ២០២២ចេញផ្សាយនៅថ្ងៃទី០៨ ខែកក្ដដាឆ្នា២០២២នេះ។
គេហទំព័រនេះបានស្រង់ប្រសាសន៍លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយបានបញ្ជក់ថា ព្រឹត្តិការណ៍រាប់ថយក្រោយ ៣០០ថ្ងៃនេះជាផ្នែកមួយជួយឱ្យអ្នកពាក់ព័ន្ធត្រឹមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមនេះឱ្យបានល្អ។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយគ្រោងដាក់កីឡា ៤០ប្រភេទក្នុងកម្មវិធីប្រកួត។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គ្រោងនឹងធ្វើចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕