ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហោះសារលើទំព័រហ្វេសប៊ុកនៅថ្ងៃទី០៧ ខែកក្ដដាឆ្នាំ២០២២នេះ ដោយស្នើឱ្យមានការចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីបន្សល់ទុកឱ្យកូនចៅខ្មែរគ្រប់ៗជំនាន់។
ការជំរុញនេះ ចំថ្ងៃគម្រប់ខួបលើកទី ១៤ ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។
សម្តេច ហ៊ុន សែន ចាត់ទុកការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោកនេះ ជាព្រឹត្តិ ការណ៍ប្រវត្តិសាស្ត្រថ្មីមួយ ក្រោយកម្ពុជាឈ្នះក្តីលើប្រទេសថៃនៅតុលាការទីក្រុងឡាអេកាលពីឆ្នាំ១៩៦២។
បើតាមសម្តេច ហ៊ុន សែន ប្រាសាទព្រះវិហារដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។
សូមបញ្ជក់ថា កម្ពុជានិងថៃ ធ្លាប់មានជម្លោះព្រំដែនចុងក្រោយនៅឆ្នាំ ២០០៨ នៅពេលដែលទាហានថៃបានផ្លាស់ទីលំនៅចូលទៅក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ដែលភាគីថៃអះអាងថា តំបន់ដែលស្ថិតនៅក្នុងទឹកដីកម្ពុជាប្រហែល ៣០០ ម៉ែត្រ នៅប្រាសាទព្រះវិហារជារបស់ថៃ។ ជម្លោះនេះបានរីករាលដាលឱ្យប្រទេសទាំងពីរប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ដែលគ្រានោះបង្កឱ្យកងទ័ពស្លាប់និងរបួស។
រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៣ ទើបតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានប្រកាសសម្រេចចិត្តជាឯកច្ឆ័ន្ទថា សាលក្រមឆ្នាំ ១៩៦២ របស់ ICJ ដោយបានប្រគល់ប្រាសាទព្រះវិហារទាំងអស់ឱ្យកម្ពុជា ហើយថាប្រទេសថៃមានកាតព្វកិច្ចដកទ័ព ប៉ូលីស ឬឆ្មាំថៃដែលឈរជើងនៅក្នុងតំបន់នោះ៕