មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា បុរសដែលបានបាញ់ប្រហារលើក្បួនដង្ហែរនៅជិតទីក្រុង Chicago កាលពីថ្ងៃទី៤ កក្កដា ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត។
Robert Crimo អាយុ ២២ ឆ្នាំនឹងត្រូវផ្តន្ទាទោស “ករណីសម្លាប់រង្គាលដែលគាត់បានប្រព្រឹត្តប្រឆាំងនឹងសហគមន៍របស់យើង” នេះបើយោងមេធាវីលោក Eric Rinehart ។
ការបាញ់ប្រហារនៅតំបន់ Highland Park បានបណ្តាលឲ្យមនុស្សស្លាប់៧នាក់ និងជាង៣០នាក់ផ្សេងទៀតរងរបួស។
លោក Rinehart បានបន្ថែមថា ការចោទប្រកាន់រាប់សិបទៀត នឹងត្រូវប្តឹងបន្ថែម មុនពេលការស៊ើបអង្កេតត្រូវបានបញ្ចប់។
លោកបាននិយាយទៅកាន់ហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារថា “នេះគ្រាន់តែជាការចោទប្រកាន់ទី១ប៉ុណ្ណោះក្នុងការប្រឆាំងនឹងលោក Crimo” ។ “ខ្ញុំចង់បញ្ជាក់ថារឿងនេះនឹងមានការចោទប្រកាន់ពីបទល្មើសផ្សេងៗទៀត”។
ជនសង្ស័យត្រូវបានគេចោទប្រកាន់ពីបទបាញ់កាំភ្លើងចំនួន ៧០ គ្រាប់ពីកាំភ្លើងដែលមានកម្លាំងខ្លាំងមកលើហ្វូងមនុស្ស ហើយបន្លំខ្លួនជាស្ត្រី ដើម្បីចូលបន្លំជាមួយក្រុមជនរងគ្រោះដែលកំពុងរត់គេចខ្លួនដែរនោះ។
បន្ទាប់ពីការតាមប្រមាញ់រយៈពេលប្រាំបីម៉ោងកាលពីថ្ងៃចន្ទ ប៉ូលីសបានចាប់ខ្លួនលោក Crimo ហើយគាត់ត្រូវបានគេរកឃើញកាំភ្លើងទីពីរដើមទៀតដែលស្រដៀងនឹងកាំភ្លើងបានប្រើបាញ់ប្រហារថ្ងៃមុន។លើសពីនេះគេរកឃើញកាំភ្លើង៣ដើមផ្សេងទៀតនៅផ្ទះរបស់គាត់។ ប៉ូលិសបាននិយាយថា ជនសង្ស័យធ្លាប់ត្រូវបានគេប្ដឹងសមត្ថកិច្ចករណីហិង្សារបស់គាត់២ដងរួចមកហើយ ប៉ុន្តែគាត់នៅតែអាចទិញកាំភ្លើងបានរហូតដល់ទៅ៥ដើមកាលពីឆ្នាំមុន។
នៅខែមេសា ឆ្នាំ 2019 ប៉ូលីសបានទៅដល់ផ្ទះរបស់គាត់ បន្ទាប់ពីមានគេរាយការណ៍ថាគាត់ប៉ុនប៉ងសម្លាប់ខ្លួនឯង។នៅខែកញ្ញាឆ្នាំ 2019 សមាជិកគ្រួសារគាត់បានប្ដឹងប៉ូលីសដោយសារ Crimo បានគំរាមកំហែងសមាជិកគ្រួសារដោយហិង្សាចង់សម្លាប់មនុស្សគ្រប់គ្នានៅក្នុងផ្ទះ។
ប៉ូលិសបានដកហូតកាំបិតចុងស្រួចរបស់គាត់ចំនួន១៦ កាំបិតស្នៀតមួយ និងដាវមួយ នៅផ្ទះរបស់គាត់។ កាលនោះគាត់មិនត្រូវបានចាប់ខ្លួនទេ ហើយក៏មិនមានចំណាត់ការអ្វីបន្ថែមទៀតដែរ។
ក្រុមមន្ត្រីកាលពីថ្ងៃអង្គារបានអំពាវនាវឱ្យមានយុទ្ធនាការអប់រំមួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ Red flag laws ដែលអនុញ្ញាតឱ្យចៅក្រមអាចបញ្ជាឱ្យរឹបអូសអាវុធជនណាម្នាក់ដែលចាត់ទុកថាអាចបង្ករង្គ្រោះថ្នាក់ និងត្រូវហាមឃាត់មិនឱ្យទិញកាំភ្លើង។
ប្រភព៖BBC, 6 July 22