ភ្នំពេញ៖ តាមរយៈវីដេអូឃ្លីបដែលបានចាក់បញ្ចាំងនៅក្នុងកម្មវិធីប្រារព្ធរំលឹកខួបប្រាំមួយឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី បានអំពាវនាវដោយជំរុញទៅកាន់យុវជនទាំងអស់ ត្រូវហ៊ានក្រោកឈរឡើងតស៊ូមតិ ដើម្បីផ្លាស់ប្តូរនូវចំណុចអវិជ្ជមានក្នុងសង្គម ពោលគឺចង់ឱ្យយុវជនដើរតាមមាគ៌ារបស់លោកបណ្ឌិត កែម ឡី។ អ្នកស្រីបន្តថា លោកបណ្ឌិត កែម ឡី ហ៊ានរិះគន់នូវភាពអសកម្មនានារបស់រដ្ឋាភិបាល ដើម្បីឈានទៅរកការកែលម្អដែលជាផលប្រយោជន៍របស់ពលរដ្ឋ ទោះបីលោក កែម ឡី ត្រូវលះបង់ជីវិតយ៉ាងណាក្តី។

សូមស្តាប់ការលើកឡើងរបស់អ្នកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី
ការលើកឡើងរបស់អ្នកស្រី ប៊ូ រចនា ក្នុងឃ្លីបវីដេអូរយៈពេលជាង ៧នាទីនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាCCHR)នៅថ្ងៃទី០៦ ខែកក្ដដាឆ្នាំ២០២២នេះ ក្នុងពិធីរំលឹកខួបប្រាំមួយដែលលោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្ថានីយប្រេងឥន្ធនៈមួយក្នុងរាជធានីភ្នំពេញ។
បើទោះបីជាការបាត់បង់ជីវិតរបស់លោកបណ្ឌិត កែម ឡី កន្លងហួសរយៈមួយឆ្នាំហើយក្តី តែអ្នកស្រី ប៊ូវ រចនា ជាភរិយានៅតែមានអារម្មណ៍តក់ស្លុតចំពោះហេតុការណ៍នោះ ហើយអ្នកស្រីនៅតែមិនទទួលស្គាល់ចំពោះលទ្ធផលនៃការស្វែងរកយុត្តិធម៌របស់តុលាការក្រុងភ្នំពេញ។ អ្នកស្រីយល់ថា ភស្តុតាងនិងឃាតករដែលរកឃើញ មិនទាន់ឆ្លើយតបនឹងពន្លឺយុត្តិធម៌ដែលអ្នកស្រី និងប្រជាជនកម្ពុជាទន្ទឹងរង់ចាំនោះទេ។
សូមរំលឹកថា លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគឯករាជ្យមួយរូបត្រូវបានខ្មាន់កាំភ្លើងឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ បាញ់សម្លាប់នៅក្នុងស្តារម៉ាតមួយនៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចក្បែរភ្លើងស្តុបបូកគោ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦។
តុលាការបានសម្រេចទោសឱ្យជួបសម្លាប់ជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែការសម្រេចនេះមិនត្រូវបានក្រុមគ្រួសារនិងសាធារណជនមួយចំនួនអស់ចិត្តឡើយ ព្រោះយល់ថា ការស្លាប់របស់លោកបណ្ឌិត កែម ឡី អាចនៅមានអ្នកពាក់ព័ន្ធនៅពីក្រោយរឿងនេះ៕