en     km
en     km

អង្គភាពស៊ីម៉ាក់កំណត់គោលដៅបោសសំអាតមីនក្នុងខេត្តបន្ទាយមានជ័យ ២៥ ហិចតា

Share

ភ្នំពេញ៖ នៅសេសសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនសរុបជាង ២៥ ហិចតា ដែលអង្គភាពស៊ីម៉ាក់ប្រចាំទិសបន្ទាយមានជ័យកំពុងកំណត់គោលដៅបោសសំអាតបន្ទាប់ពីមានបទបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ នេះបើយោងតាមការឱ្យដឹងពីលោក  ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)លើទំព័រហ្វេសប៊ុករបស់លោកនិងទំព័រហ្វេសប៊ុក​ CMACកាលពីថ្ងៃទី០៥ខែកក្ដដាឆ្នាំ២០២២។

បើតាមលោក ហេង រតនា ការបោសសំអាតមីននៅតំបន់អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ ស្ថិតក្រោមប្រតិបត្តិការសកម្មភាពដោយប្រើចំនួន​ជាង ៥០នាក់របស់កម្លាំងអង្គភាពស៊ីម៉ាក់ប្រចាំទិសបន្ទាយមានជ័យ។ លោកបញ្ជាក់ថា ប្រតិបត្តិការបោលសំអាតនេះត្រូវប្រើប្រាស់ធនធានថវិកា​ដែលមានស្រាប់​ ជាមួយនឹងកម្លាំងគ្រឿងចក្រ​ កម្លាំងសុនខ​ និងកម្លាំងបច្ចេកទេស​ ដែលអាចប្រើរយៈពេល១ខែ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ថ្លែងជាមួយបុគ្គលិកស៊ីម៉ាក់។រូបភាពពីហ្វេសប៊ុកលោក ហេង រតនា។

 

បើហ្វេសប៊ុក ស៊ីម៉ាក់ កម្លាំងប្រតិបត្តិការនៃកងឯកភាពកំចាត់មីនទី១ទិសខេត្តបន្ទាយមានជ័យ ចំនួន១៧៣នាក់​​ដែលនឹងត្រូវប្រើប្រាស់ដើម្បីអនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តីក្នុងការបោសសម្អាតគ្រាប់មីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ។

ជាការកត់សម្គាល់បន្ទាប់ពីមានបទបញ្ជារបស់នាយករដ្ឋមន្រ្តីមានសប្បុរសជនជាតិជាច្រើនបានបរិច្ចាកថវិកាចូលរួមឧបត្ថម្ភក្នុងយុទ្ធនាការបោសសំអាតមីននេះ ដែលបានជាង១១លានដុល្លារអាមេរិកហើយគិតត្រឹមថ្ងៃទី០៣ ខែកក្ដដាឆ្នាំ២០២២។ សម្តេច ហ៊ុន សែន បានប្រកាសគាំទ្រគំរោងដោះមីនអង្គភាពស៊ីម៉ាក់រយៈពេល៣០ឆ្នាំទៅមុខទៀតដោយនាយករដ្ឋមន្រ្តីស្នើទៅបណ្តាលប្រទេសជាមិត្តឱ្យជួយលើបញ្ហានេះ។

 

សូមបញ្ជាក់ថា អង្គភាពស៊ីម៉ាក់បានរំដោះផ្ទៃដីចម្ការមីនបានជាង​១.៥០០គីឡូម៉ែត្រក្រឡា​ និងកំទេចចោលគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមបានចំនួនជាង ៣លានគ្រាប់។​ នេះបើតាមរបាយការណ៍របស់ស៊ីម៉ាក់។

Share

ព័ត៌មានទាក់ទង

Image