en     km
en     km

ទោះបីជាភ្លៀងបានធូរស្រាល តែទីក្រុងស៊ីដនីនៅតែប្រឈមនឹងទឹកជំនន់

Share

 

ស៊ីដនី៖ យោងតាមសេចក្ដីរាយការណ៍របស់ Channel News Asia ឱ្យដឹងថា មានការជម្លៀសមនុស្សរាប់ម៉ឺននាក់បន្ថែមទៀតនៅទីក្រុងស៊ីដនី ប្រទេសអូស្តា្រលី។ តាមរូបភាពពីផ្កាយរណបនៅថ្ងៃពុធ ទី៦ ខែកក្កដាឆ្នាំ២០២២នេះ ឃើញថា ខ្យល់ព្យុះបានវាយលុកផ្នែកជាច្រើននៃទីក្រុងស៊ីដនី បង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងរយៈពេល ៤ ថ្ងៃជាប់ៗគ្នា ដែលបណ្តាលឱ្យទឹកទន្លេមានកម្ពស់ខ្ពស់ដល់កម្រិតប្រកាសអាសន្ន។
បើតាម CNA ហេតុនេះ បានបង្ខំឱ្យអាជ្ញាធរអូស្រ្តាលីជម្លៀសពលរដ្ឋបន្ថែមទៀតដោយអាជ្ញាធរនិយាយថា មានមនុស្សជាង ៨ម៉ឺន ៥ពាន់នាក់ នៅក្នុងរដ្ឋ New South Wales ដែលភាគច្រើននៅជាយក្រុងភាគខាងលិចនៃទីក្រុងស៊ីដនី។
លោកនាយករដ្ឋមន្ត្រី Anthony Albanese បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា”បញ្ហាទឹកជំនន់ដែលបន្សល់ពីព្យុះភ្លៀងនៅតែជាស្ថានភាពដ៏គ្រោះថ្នាក់ ហើយអាជ្ញាធរពាក់ព័ន្ធត្រូវឆ្លើយតបឱ្យបានសមស្រប”។ ជាមួយគ្នានោះលោកក៏បានប្រកាសឧបត្ថម្ភប្រាក់សង្គ្រោះបន្ទាន់ចំនួន ១ពាន់ដុល្លារអូស្ត្រាលី ដែលស្មើនឹង៦៨០ ដុល្លារ សម្រាប់អ្នកដែលរងគ្រោះដោយទឹកជំនន់នេះ។
តាមការបញ្ជាក់ពី CNA ប្រព័ន្ធសម្ពាធទាបខ្លាំងនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសអូស្ត្រាលី បានរំកិលទៅឆ្នេរពាក់កណ្តាលខាងជើងនៃរដ្ឋ New South Wales ដែលលាតសន្ធឹងចម្ងាយ ៣០០ គីឡូម៉ែត្រ។ មន្រ្តីព្យាករណ៍អាកាសធាតុនិយាយថា ស្ថានភាពនេះនឹងអាចមានភ្លៀងធ្លាក់លើសពី ២០០ មីលីម៉ែត្រនៅទីនោះក្នុងរយៈពេលប្រាំមួយម៉ោង។
ប្រទេសដែនកោះមួយនេះ ទទួលរងភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃសៅរ៍មកធ្វើឱ្យទឹកហូរចូលអាងទន្លេនៅជុំវិញទីក្រុងស៊ីដនី។ អាជ្ញាធរបានព្រមានថាវិបត្តិទឹកជំនន់អាចអូសបន្លាយរហូតដល់ដើមសប្តាហ៍ក្រោយ។

រូបភាពពីCNA
រូបភាពពីCNA

 

រូបភាពពីទូរទស្សន៍បានបង្ហាញឱ្យឃើញរថយន្តទើរលើដំបូលផ្ទះ និងអ្នកស្រុកតម្រង់ជួរដាក់បាវខ្សាច់ ខណៈដែលក្រុមសង្គ្រោះបន្ទាន់កំពុងជួយសង្គ្រោះសត្វចិញ្ចឹមដែលជាប់គាំង។
តំបន់មួយចំនួនក្នុងរដ្ឋ New South Wales ត្រូវបានវាយប្រហារដោយទឹកភ្លៀងរហូតដល់ ៧០០ មីលីម៉ែត្រ ចាប់តាំងពីថ្ងៃសៅរ៍ ដែលច្រើនជាងកម្រិតមធ្យមប្រចាំឆ្នាំ ប៉ុន្តែស្ថានភាពបានចាប់ផ្តើមធូរស្រាលនៅក្នុងទីក្រុងស៊ីដនី៕

Share

Image
Image
Image