en     km
en     km

ខេត្តមណ្ឌលគិរីនឹងក្លាយទៅជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ

Share

ផ្អែកតាមផែនការមេ អភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ ខេត្តមណ្ឌលគិរីនឹងក្លាយជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ក្រុងសៀមរាប និងតំបន់ឆ្នេរសមុទ្រ។ ខេត្តនេះនឹងក្លាយជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។ នេះបើតាមការឱ្យដឹងពីលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ហៅកាត់ថា គ.ដ.ផ.ម ថ្លែងនៅសណ្ឋាការពេជ្រតា នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសរៀបចំពីធីផ្សព្វផ្សាយសមាសភាព គ.ជ.ផ.ម និងការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ឆ្នាំ២០២១-២០៣៥។

យោងតាមក្រសួងទេសចរណ៍ លោកជុក ជំនោរ បានបន្តថា ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ចក្ខុវិស័យក្របខណ្ឌអនុវត្តរយៈពេលវែងដោយឈរលើចក្ខុវិស័យសំខាន់ចំនួន៤

ទី១៖ ខេត្តមណ្ឌលគិរីត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

ទី២៖ ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរីនឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុកនឹងកើនឡើងដល់ប្រមាណ២លាននាក់ បង្កើតការងារប្រមាណ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

ទី៣៖ រួមចំណែកធ្វើឲ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។

ទី៤៖ រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជា​ប្រធាន គ.ដ.ផ.ម បង្ហាញការជឿងជាក់ថា  ផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី រួមចំណែកធ្វើឲ្យតំបន់ភាគឦសានក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយភូមិភាគឥសាន្តជាប៉ូលសេដ្ឋកិច្ចទី៤ ពាក់ព័ន្ធនឹងបញ្ហាកសិ-ឧស្សាហកម្ម និងធនធានរ៉ែ។

លោករដ្ឋមន្ត្រីបានបន្តថា បានបន្តស្នើឱ្យរដ្ឋបាលខេត្តមណ្ឌលគិរីត្រូវបន្តចាត់វិធានការចាំបាច់នានាឲ្យបានហ្មត់ចត់ ដើម្បីរក្សាឲ្យបាននូវតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សខេត្តមណ្ឌលគិរី រក្សាឲ្យបាននូវអត្តសញ្ញាណដើមរបស់ខេត្ត។ ចំពោះវិស័យឯកជន លោកក៏បានស្នើឲ្យបណ្តាក្រុមហ៊ុន និងអ្នកវិនិយោគនានាចាប់យកកាលានុវត្តភាពរបស់ខេត្តមណ្ឌលគិរី ដើម្បីលើកជាគម្រោងអភិវឌ្ឍន៍ និងវិនិយោគនានា ទាំងក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធនានា ដើម្បីរួមគ្នាសម្រេចឲ្យបានតាមចក្ខុវិស័យដែលបានដាក់ចេញ៕

Share

ព័ត៌មានទាក់ទង

Image