របាយការណ៍ភ្ញៀវទេសចរ ប្រចាំសប្ដាហ៍ របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា សម្រាប់សប្ដាហ៍ទី១នៃខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរដើរកម្សាន្តទៅប្រមាណជិត៣០ម៉ឺន (២៩៧ ៤០២)នាក់ ដោយខេត្តព្រះសីហនុគឺជាគោលដៅដែលមានទេសចរទៅលេងច្រើនជាងគេ។
ផ្អែកតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ខេត្តព្រះសីហនុមានភ្ញៀវជាង៥ម៉ឺននាក់ បន្ទាប់មកខេត្តវប្បធម៌ប្រវត្តិសាស្ដ្រសៀមរាប មានជាង៤ម៉ឺន៦ពាន់នាក់ និងបាត់ដំបងមានជាង៤ម៉ឺននាក់។ យ៉ាងណាក្រសួងថា ចំនួនភ្ញៀវជិត៣០នាក់នេះ គឺជាតួលេខថយចុះខ្ទង់៦,៧៣ភាគរយ បើធៀបនឹងសប្ដាហ៍កន្លងមក។ កត្តាភ្លៀងនៅគឺជាហេតុផលមួយដែលធ្វើឱ្យចលនាភ្ញៀវថយចុះ ជារឿងធម្មតា។ នេះបើតាមការបញ្ជាក់ពីក្រសួងដដែល។
ទោះបែបនេះក្ដី ការឆ្លងឡើងវិញនៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ថា បានចេញសារាចរណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្ត ម្ចាស់អាជីកម្មទេសចរណ៍ត្រូវពង្រឹង ការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP)៕