ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចូលរួមពិធីកាន់ដំណែងរដ្ឋបាលថ្មីរបស់ហុងកុង
Chinese President Xi Jinping attends ceremony for inauguration of new Hong Kong administration
ហុងកុង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចូលរួមក្នុងពិធីសម្ពោធរដ្ឋាភិបាលអាណត្តិទី៦ នៃទីក្រុងហុងកុង នៅថ្ងៃសុក្រ (១ កក្កដា) ខណៈដែលទីក្រុងនេះប្រារព្ធខួបលើកទី ២៥ នៃការប្រគល់ទឹកដីហុងកុងពីអង់គ្លេសទៅចិនដីគោកវិញ។លោក ឆេងលាភ រាយការណ៍ព័ត៌មាននេះ….
នៅម៉ោង 8 ព្រឹក ក្រុមមន្ត្រីបានប្រមូលផ្តុំគ្នានៅកំពង់ផែ Victoria ក្នុងពិធីលើកទង់ជាតិខណៈដែលទីក្រុងនេះបានជួបប្រទះព្យុះទីហ្វុងលើកដំបូងនៅឆ្នាំនេះ។ ឧទ្ធម្ភាគចក្របានហោះពីលើកំពង់ផែដែលចងទង់ជាតិចិន និងហុងកុង។
លោក Xi មិនបានចូលរួមក្នុងព្រឹត្តិការណ៍លើកទង់ជាតិនោះទេ។ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លោកស្នាក់នៅមួយយប់ក្នុងទីក្រុង Shenzhen បន្ទាប់ពីមកដល់ហុងកុងកាលពីថ្ងៃព្រហស្បតិ៍។
លោក Xi ត្រលប់មកមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅថ្ងៃសុក្រដើម្បីចូលរួមកម្មវិធីស្បថរបស់មេដឹកនាំហុងកុងថ្មីគឺលោក John Lee។ជាមួយគ្នានេះ
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសនិយាយថា ចិនត្រូវតែគោរពតាមការសន្យាស្ដីពីហុងកុង
ឡុងដ៍៖ នាយករដ្ឋមន្ត្រី Boris Johnson បាននិយាយថា ចក្រភពអង់គ្លេសនឹងធ្វើអ្វីៗអោយអស់ពីសមត្ថភាព ដើម្បីអោយក្រុងប៉េកាំងគោរពការប្តេជ្ញា លោកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើឡើងកាលពី២៥ឆ្នាំមុន នៅពេលដែលប្រគល់ហុងកុងឱ្យប្រទេសចិនវិញ។លោក Boris Johnson បាននិយាយថា ប្រទេសចិនបានបរាជ័យក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពនូវការរៀបចំ “ប្រទេសមួយមានប្រព័ន្ធពីរ” ក្រោមកិច្ចព្រមព្រៀងដែលបានបញ្ចប់ការគ្រប់គ្រងរបស់អង់គ្លេសក្នុងឆ្នាំ 1997 ។ចក្រភពអង់គ្លេសបានរិះគន់ជាពិសេសចំពោះច្បាប់សន្តិសុខជាតិដែលបានដាក់អោយប្រើកាលពីឆ្នាំ 2020 និងការផ្លាស់ប្តូរការបោះឆ្នោតដែលអង់គ្លេសនិយាយថាបានបំផ្លាញសេរីភាព និងស្វ័យភាពរបស់ហុងកុង។Boris Johnson បាននិយាយនៅក្នុងឃ្លីបវីដេថា “នៅថ្ងៃខួបលើកទី 25 នៃការប្រគល់ហុងកុងអោយចិនវិញនេះ យើងមិនអាចបិទបាំងការពិតដែលថា មួយរយៈនេះទីក្រុងប៉េកាំងបាននឹងកំពុងខកខានក្នុងការអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន” ។”វាជាស្ថានភាពបន្តកើនឡើងនៃការគំរាមកំហែងទាំងសិទ្ធិ និងសេរីភាពរបស់ប្រជាជនហុងកុង និងគំរាមកំហែងនូវភាពរីកចម្រើនមាតុភូមិរបស់ពួកគេ”។ មន្ត្រីចិនធ្លាប់បានបដិសេធរួចមកហើយពីការរិះគន់របស់អង់គ្លេស ដោយនិយាយថាអង់គ្លេសគួរចែឈប់ខ្វល់ពីកិច្ចការរបស់ហុងកុងទៅ ហើយចិនចោទប្រកាន់អង់គ្លេសថានៅតែរក្សាផ្នត់គំនិតអាណានិគមមកលើហុងកុងដដែល ទោះបីជាបានប្រគល់វាមកចិនហើយក៏ដោយ។ ចនសុនបាននិយាយថា “យើងមិនបោះបង់ចោលហុងកុងទេ។
25 ឆ្នាំមុន យើងបានសន្យាចំពោះទឹកដី និងប្រជាជនហុងកុង ហើយយើងនៅតែចងចាំ។លោកបានបន្ថែមថា ចក្រភពអង់គ្លេសនឹង “ធ្វើឱ្យអស់ពីសមត្ថភាពដើម្បីអោយប្រទេសចិនធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដូច្នេះហុងកុងត្រូវតែជារបស់ប្រជាជនហុងកុង និងដើម្បីប្រជាជនហុងកុងម្តងទៀត ” ។