en     km
en     km

ក្រសួងបរិស្ថានលើកទឹកចិត្តឲ្យផលិតករភាពយន្ត បង្កើតស្នាដៃជំរុញទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី

Share

ទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី គឺជាកម្មវិធីទេសចរណ៍មួយជួយដល់កំណើនជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋាន និងចូលរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិ។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការផ្សព្វផ្សាយរូបថត វីដេអូភាពយន្ត និងឯកសារផ្សព្វផ្សាយ ទាក់ទងនឹងសម្រស់ធម្មជាតិដ៏ត្រកាលនៃមាតុភូមិកម្ពុជា តាមរយៈកញ្ចក់កាម៉េរ៉ានៃអ្នកថតរូប និងស្នាដៃរបស់ផលិតករភាពយន្ត គឺបានចូលរួមចំណែកសំខាន់ដល់កម្មវិធីនយោបាយអភិវៃឌ្ឍន៍ កំណើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានផ្ទាល់។

ក្នុងពិធីបើកសម្ពោធកម្មវិធី «ជុំវិញទន្លេមេគង្គ» និងពិធីប្រគល់រង្វាន់ «Beautiful Planet» ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ លោកអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្ត ដល់ផលិតករភាពយន្ត អ្នកស្រឡាញ់វិស័យភាពយន្ត និងបរិស្ថាន បន្តបង្កើតស្នាដៃថ្មីៗ និងច្រើនថែមទៀត។ លោកបានបង្ហាញពីគោលដៅនៃតំបន់ទេសចរណ៍ទាំងនោះ ដោយផ្ដោតលើសម្រស់ធម្មជាតិនៅតាមដងទន្លេមេគង្គ និងតំបន់ធម្មជាតិនានានៅកម្ពុជា  ដែលបានរួមចំណែកជួយឱ្យប្រជាពលរដ្ឋកាន់តែច្រើនបានស្គាល់ និងស្រឡាញ់បរិស្ថាន និងចូលរួមថែរក្សាសម្បត្តិធម្មជាតិឲ្យល្អនិងគង់វង្ស និងការរស់នៅដោយចីរភាព។

ផ្អែកតាមក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងកំពុងខិតខំអនុវត្តភារកិច្ច ផ្តោតលើការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្ត ក្នុងការធានាដល់និរន្តរភាពបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ច សង្គម និងសុខភាពសាធារណៈ តាមរយៈមុខងារ និងតួនាទីសេវាកម្មប្រព័ន្ធអេកូឡូស៊ី។  ក្រសួងបញ្ជាក់ថា ក្រសួងក៏ផ្តោតលើការជួយ ដល់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ដែលជាឆ្អឹងខ្នងយុទ្ធសាស្ត្រ សម្រាប់ការពារ អភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅតាមតំបន់ការពារធម្មជាតិ។

គួរជម្រាបថា តំបន់ការពារធម្មជាតិ ចំនួន៧៤ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣ លើផ្ទៃដីសរុប ៧,៣ លានហិកតា ស្មើនឹង៤១%នៃផ្ទៃដីប្រទេស គឺត្រូវបានគ្រប់គ្រងដោយក្រសួងបរិស្ថាន។ ក្រសួងបានសម្របសម្រួលបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៨២ ទីតាំង ក្នុងនោះសហគមន៍ខ្លះ មានសក្តានុពលទេសចរណ៍ធម្មជាតិ ក៏កំពុងទទួលបានចំណូល ពីការផ្តល់សេវាកម្មទេសចរណ៍ រួមចំណែកសំខាន់លើកកម្ពស់ជីវភាពប្រជាសហគមន៍ថែមទៀត។ នេះបើយោងតាមក្រសួងបរិស្ថានដដែល៕

Share

ព័ត៌មានទាក់ទង

Image