en     km
en     km

ក្រសួងពាណិជ្ជកម្មពន្យារពេលផាកពិន័យចំពោះសំណើសុំអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

Share

ភ្នំពេញ៖ សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានពេលត្រឹមល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ប៉ុណ្ណោះ ពោលគឺសល់ពេលតែ ៣ ថ្ងៃទៀតទេគឺត្រូវរងការផាកពិន័យហើយ បើសិនជាមិនដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទេនោះ។ នេះជាការបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២។

ខ្លឹមសារក្នុងលិខិតនេះ ប្រកាសពន្យារពេលចំនួនបីថ្ងៃទៀត បន្ទាប់ពីក្រសួងពាណិជ្ជកម្មមើលឃើញថា អ្នករកស៊ីប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានសម្រុកមកសុំលិខិតអនុញ្ញាតច្រើនលើសលប់ ខណៈការផាកពិន័យត្រូវចាប់អនុវត្តនៅថ្ងៃទី០១ ខែកក្ដដាឆ្នាំ២០២២នេះ។

តាមរយៈសេចក្តីប្រកាសដដែល ក្រសួងតម្រូវឱ្យរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនអាចមកទទួលលេខរៀង ដើម្បីដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឬនៅមន្ទីរពាណិជ្ជកម្មខេត្តដែលម្ចាស់អាជីវកម្មតាំងនៅរៀងរាល់ម៉ោងធ្វើការ។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ច្បាស់ៗថា ក្រសួងនឹងផាកពិន័យជាប្រាក់ និងអាចផ្តន្ទាទោសតាមផ្លូវច្បាប់ករណីនៅតែធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ​ដែលមិនទាន់សុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម។

ដូច្នេះក្រសួងពាណិជ្ជកម្មសូមអំពាវនាវដល់ម្ចាស់អាជីវកម្មរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ត្រូវប្រញាប់មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ តាមនីតិវិធីជាប្រក្រតី៕

 

 

Share

Image
Image
Image