នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២នេះ នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច ហ៊ុន សែន បានព្រលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម មានទីតាំងក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ការលែងកូនត្រីនេះ ដើម្បីអបអរទិវាមច្ឆជាតិ ១ កក្កដា ដែលបានអាកខានរយៈពេល២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩។
មូលហេតុដែលរាជរដ្ឋាភិបាលជ្រើសរើសអាងទឹកត្រពាំងថ្មជាទីតាំងព្រលែងកូនត្រីនិងមេត្រីពូជ ព្រោះអាងនេះជាប្រព័ន្ធធារាសាស្ត្រដ៏ធំមួយ និងជារមណីយដ្ឋានទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យ និងជាទំនប់ទឹកធំមួយបម្រើដល់ការងារស្រែចំការរបស់ប្រជាពលរដ្ឋ ពិសេសជាអាងទឹកមានលក្ខណៈប្រវត្តិសាស្ដ្រដែលបន្សល់ពីរបបខ្មែរក្រហម។
បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនត្រី និងត្រីមេពូជប្រមាណ ១លានក្បាលដែលបានត្រូវលែងរួមមាន ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា និងត្រីកន្ធរ រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជាត្រីគល់រាំង អណ្តើក កន្ធាយ កង្កែប កូនបង្កងទឹកសាប ប្រមាណ ២០ម៉ឺនក្បាល។
ក្នុងឱកាសនោះសម្តេច ហ៊ុន សែន លើកទឹកចិត្តដល់ប្រជាពលឱ្យចិញ្ចឹមត្រីបន្ថែមទៀតដើម្បីបំពេញតម្រូវបរិភោគរបស់ប្រជាជនក្នុងស្រុកឱ្យសម្បូរបែប
សូមជម្រាបថា ទិវាមច្ឆជាតិ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០០៣ ដោយមានការលែងមេពូជត្រី កូនត្រី និងវារីសត្វ ពូជក្នុងស្រុក ចូលទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិឱ្យកើនឡើង៕