en     km
en     km

កីឡាការិនីដើមកំណើតខ្មែរ ស្រួង ភាវី ដណ្ដើមបានជ័យលាភីលេខ ១ លើកីឡាប៊ីយ៉ាការ៉ុម

Share

កីឡាការរិនី ស្រួង ភាវី ដើមកំណើតកម្ពុជា ទទួលបានជ័យជម្នះជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាប៊ីយ៉ាការ៉ុមលំដាប់ពិភពលោកដែលរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង។ ជ័យលាភីនេះ ត្រូវបានសហព័ន្ធកីឡា ប៊ីយ៉ា និងស្នូកឃ័រកម្ពុជា អបអរសាទរ។ ក្នុងកម្មវិធីប្រកួតរយៈពេល ៧ថ្ងៃ កីឡាការិនី ស្រួង ភាវី បាននាំឪពុកម្ដាយរបស់អ្នកស្រីទៅទស្សនាការប្រកួតនេះនៅទឹកដីប្រទេសកូរ៉េផ្ទាល់តែម្ដង។ អ្នកស្រីបានសរសេរសារលើហ្វេសប៊ុកនៅថ្ងៃទី៣០ខែមិថុនានេះដោយបានបង្ហាញចំណាប់អារម្មណ៍លើការប្រកួតថា អ្នកស្រីបានសម្រេចនូវក្តីស្រមៃក្នុងការដណ្តើមយកមេដាយផ្នែកកីឡាប៊ីយ៉ា ឬបុកប៊ីយ៉ា និងកីឡាស្នូកឃ័រនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ស្រ្តីខ្មែរពូកែថ្វីដៃរូបនេះ បន្តសាររបស់ខ្លួនថា កូនស្រីកម្ពុជាម្នាក់នេះអាចសម្រេចបានជោគជ័យក្នុងការប្រកួតខ្នាតអន្តរជាតិ និងធ្វើបានយ៉ាងល្អឥតខ្ចោះនៅលើទឹកដីប្រទេសកូរ៉េនេះ។

គួរជម្រាបថា កាលពីឆ្នាំ២០២១ អ្នកស្រី ស្រួង ភាវី ធ្លាប់បានឈ្នះជើងឯកក្នុងការប្រកួតស្នូកឃ័រ ដោយដណ្ដើមបានពានរង្វាន់ Blue One Resort LPBA Championship ផ្នែកនារី នៅសាធារណរដ្ឋកូរ៉េផងដែរ ដែលព្រឹត្តិការណ៍នោះមានកីឡាការិនីចូលរួមសរុប ៦៤ នាក់ ដែលសុទ្ធសឹងជាជើងខ្លាំងលំដាប់ពិភពលោក។

សូមបញ្ជាក់ថា អ្នកស្រី ស្រួង ភាវី  មានដើមកំណើតនៅខេត្តត្បូងឃ្មុំប្រទេសកម្ពុជា។ អ្នកស្រីបានទៅរស់នៅសាធារណរដ្ឋកូរ៉េកាលពី១០ឆ្នាំមុន បន្ទាប់ពីរៀបការជាមួយស្វាមីជនជាតិកូរ៉េខាងត្បូងឈ្មោះ KIM។ អ្នកស្រីបានចាប់កាន់ដងប៊ីយ៉ែជាលើកដំបូងនៅពេលរួមដំណើរជាមួយស្វាមីទៅទស្សនក្នុងក្លឹបស្នូឃ័រមួយកន្លែងកាលពីឆ្នាំ២០១១។ គ្រានោះហើយដែល ស្រួង ភាវី បញ្ចេញថ្វីដៃដ៏ស្វាហាប់របស់នាង។ ដោយមើលឃើញពីទេពកោលសល្យរបស់ភរិយា លោក KIM ជាស្វាមីបានផ្តល់ឱកាសឱ្យប្រពន្ធចូលហាត់រៀនស្នូកឃ័រនេះ។ បន្ទាប់មក ស្រួង ភាវី  បានសម្រេចប្រកួតក្នុងកម្មវិធីមួយដោយទទួលបានចំណាត់ថ្នាក់លេខ២។ តាមរយៈទេពកោលសល្យនេះ ភាវី ត្រូវបានសហព័ន្ធកីឡាផ្នែកនេះនៅប្រទេសកូរ៉េខាងត្បូង គាំទ្រឱ្យនាងបន្ដកីឡានេះជាអាជីព។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ស្រួង ភាវី ប្រាប់កាសែត The  Korean Harald៕

Share

ព័ត៌មានទាក់ទង

Image