អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) នៅរសៀលថ្ងៃពុធទី២៩ មិថុនា ២០២២នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី៖របៀបនៃការសរសេរគម្រោងស្នើសុំថវិកា។ វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅទីតាំងអង្គការផ្ទាល់តែម្តងនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់បុគ្គលិកក្នុងការសរសេរគម្រោងស្នើសុំថវិកាទៅកាន់ម្ចាស់ជំនួយដើម្បីយកថវិកាអនុវត្តសកម្មភាពនានាជួយដល់សង្គម។
លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានលើកឡើងពីឱកាសនិងសារៈប្រយោជន៍ដែលបុគ្គលិកពេញសិទ្ធិនិងបុគ្គលិកស្ម័គ្រចិត្តចង់ចេះ ចង់ដឹង ចង់រៀនបន្ថែមដូច្នេះ។ លោកស្រីបន្ថែមថា ការបណ្តុះបណ្តាលនេះនឹងក្លាយជាពុទ្ធិដ៏សំខាន់មួយសម្រាប់អង្គការទៅថ្ងៃអនាគត ព្រោះអង្គភាពនឹងសំបូរបុគ្គលិកមានធនធានចំណេះដឹងល្អៗ។
ចុងក្រោយ លោកស្រីបណ្ឌិតសង្ឃឹមថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះបុគ្គលិកនិងអ្នកស្ម័គ្រចិត្តរបស់ WMC អាចមានសមត្ថភាពក្នុងការសរសេរគម្រោងស្នើសុំថវិកាទៅកាន់ម្ចាស់គម្រោងឬម្ចាស់ជំនួយទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែលអាចបង្កើតឱកាសការងារដល់បុគ្គលិកថ្មីៗបន្ថែមទៀត ពិសេសអាចផ្តល់ឱកាសដល់បុគ្គលិកចូលរួមចំណែកជួយសង្គមតាមរយៈការអនុវត្តគម្រោង៕
…
ដោយកញ្ញា លន់ សុបិន្ត