en     km
en     km

របាយការណ៍៖សិស្សស្រី៥៦%ក្នុងសាលារៀនចំនួន៥២យល់ដឹងពីដើមចមកើតអំពើហិង្សា

Share

ភ្នំពេញ៖ អង្គការ Save the Children ប្រចាំប្រទេសកម្ពុជាបានដាក់បង្ហាញរបាយការណ៍ថ្មីមួយរបស់ខ្លួនដោយរកឃើញថា សិស្សចំនួន១៥២នាក់ក្នុងនោះមានសិស្សស្រី ៥៦% នៅសាលារៀនចំនួន ៥២ក្នុងខេត្តសៀមរាប និងព្រះវិហារ បានយល់ដឹងពីអាកប្បកិរិយាដែលបង្កើតជាអំពើហិង្សាលើកុមារ និងយល់ដឹងពីរចនាសម្ព័ន្ធនៃការរាយការណ៍ឆ្លើយតបករណីកើតមានហិង្សា។

សិស្សានុសិស្សនិងគ្រូបង្រៀនដែលទទួលបានការបណ្តុះបណ្តាលពីអង្គការSave the Children។រូបភាពពីក្រុមការងារអង្គការSave the Children ។

របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២បង្ហាញទៀតថា រយៈពេល ២១ ខែនៃការអនុវត្តគម្រោង អ្នកឆ្លើយសំណួរ បានកត់សម្គាល់ពីការកើនឡើងនៃការយល់ដឹងលើបញ្ហាហិង្សាលើកុមារ និងការរាយការណ៍ឆ្លើយតបនៅក្នុងគ្រួសារ និងសហគមន៍។ ក្នុងនោះក្មេងស្រី និងសិស្សដែលមានពិការភាព បានបង្ហាញពីការយល់ដឹងកាន់តែច្រើន បើធៀបនឹងមិត្តភក្ដិប្រុសរបស់ពួកគេ។

របាយការណ៍នៃគម្រោងនេះ បានបង្ហាញពីការថយចុះភាគរយនៃសិស្សដែលជួបប្រទះអំពើហិង្សាពី ៤០% ទៅ៣១%។

តែយ៉ាងណារបាយការណ៍នូវតែដាក់ការព្រួយបារម្ភនូវតួលេខជាភាគរយខាងលើដែលនៅមានកម្រិតខ្ពស់នៅឡើយ ហើយករណីនេះ​បង្ហាញពីតម្រូវការបន្ថែម ដើម្បីការពារនិងឆ្លើយតបទៅនឹងហិង្សាលើកុមារនៅក្នុងសាលារៀន។

រូបភាពនេះទទួលបានពីក្រុមការងារអង្គការSave the Children ។

 

លោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកកម្ពុជាបានថ្លែងក្នុងរបាយការណ៍ថា បញ្ហានេះ ទាមទារការចូលរួមពីសហគមន៍មួយទាំងមូល ដើម្បីការពារកុមារពីអំពើហិង្សា។ លោកថា គម្រោងសាកល្បងនេះបង្ហាញថា នៅពេលសិស្សានុសិស្ស សមាជិកនៃគណៈកម្មាធិការឃុំដើម្បីស្ត្រី និងកុមារ គ្រូបង្រៀន និងឪពុកម្តាយធ្វើការជាមួយគ្នា ពួកគេអាចធ្វើឱ្យសាលារៀន និងសហគមន៍ក្លាយជាកន្លែងមានសុវត្ថិភាពទដែលកុមារសមនឹងទទួលបាន។

ដោយឡែកនាយិកាប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា លោកស្រី គ្វីននេត វ៉ង និយាយថា អំពើហិង្សាលើកុមារ ជាពិសេសអំពើហិង្សាលើយេនឌ័រ និងការធ្វើបាប បានបណ្តាលឱ្យកុមារបោះបង់ការសិក្សា ដោយក្មេងស្រីទំនងជាជួបប្រទះការគំរាមកំហែងផ្លូវចិត្ត ការគំរាមកំហែងតាមអ៊ីនធើណែត អំពើហិង្សាផ្លូវភេទ និងការបៀតបៀនជាដើម។

រូបភាពនេះទទួលបានពីក្រុមការងារអង្គការSave the Children ។

 

លោកស្រីបន្ថែមថា គម្រោងរួមគ្នានេះ បានផ្តល់នូវសិទ្ធិអំណាចដល់ក្មេងស្រី ក្មេងប្រុស សិស្សដែលមិនកំណត់អត្តសញ្ញាណភេទខ្លួនឯង កុមារដែលមានពិការភាព និងតួអង្គការពារកុមារតាមសហគមន៍ ឱ្យហ៊ាននិយាយ និងចាត់វិធានការជាវិជ្ជមានប្រឆាំងនឹងអំពើហិង្សា និងការរំលោភបំពាននៅក្នុងសាលារៀន ។

សូមបញ្ជាក់ថា គម្រោងនេះបានបង្កើតសម្ព័ន្ធដៃគូរបស់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ រួមមានអង្គការ Save the Children International អង្គការ Plan International Cambodia និងអង្គការ World Vision International-Cambodia ជាដៃគូអនុវត្តក្រោមការដឹកនាំរបស់ក្រសួងអប់រំ។ គម្រោងនេះ មានរយៈពេល ២១ខែ ចន្លោះពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕

 

 

Share

ព័ត៌មានទាក់ទង

Image