ភ្នំពេញ៖ ឈរចំពោះមុខអង្គមិទ្ទិដែលមានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជារាប់រយនាក់នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផង បានថ្លែងប្រកាសជាថ្មីម្តងទៀត ដោយអះអាងការពារ តបតរាល់ការកៀបសង្កត់ណាមួយពីរដ្ឋបរទេសមកលើអធិបតេយ្យភាពរបស់កម្ពុជា។ ការថ្លែងរបស់ប្រធានគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច ៤៣ ឆ្នាំកន្លងមកនេះធ្វើឡើងនៅវិមាន ៧ មករា រាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ។
ជាមួយការថ្លែងការពារអធិបតេយ្យភាពពីការលូកដៃដោយរដ្ឋបរទេសណាមួយនោះ ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានក្រើនរំលឹកដល់មន្រ្តីថ្នាក់ក្រោមរបស់ខ្លួនឱ្យបំរើប្រជាពលរដ្ឋឱ្យបានល្អ ពិសេសឆ្លើយតបឱ្យទាន់ពេលវេលាតាមតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីមិនភ្លេចឡើយ ការលើកឡើងនូវរាល់សមិដិ្ឋផលនានារបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជាដែលនាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ។
សម្តេច ហ៊ុន សែន បានប្រកាសការបេ្តជ្ញាចិត្តកាន់ចង្កូតដឹកនាំប្រទេសលើមាគ៌ាអភិវឌ្ឍន៍ សន្តិភាព និងស្ថិរភាព ពិសេសបន្តលើកស្ទួយសេដ្ឋកិច្ចប្រទេសជាតិឱ្យរីកចម្រើនទៅមុខ។
សូមស្តាប់ប្រសាសន៍របស់នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន បន្ថែម
សូមរំលឹកថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាខួបលើកទី ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជាដែលមានឈ្មោះដើមថា «បក្សប្រជាជនបដិវត្តន៍ខ្មែរ» ដែលកាលណ្ណោះ ចាប់កំណើតឡើងពីចលនាអ្នកតស៊ូប្រឆាំងនឹមអាណានិគម ដើម្បីបុព្វហេតុទាមទារឯករាជ្យពីពួកបរទេសដែលមកឈ្លានពានកម្ពុជា ៕