ដោយសម្គាល់មើលឃើញពីការធ្វើដំណើររបស់ទេសចរមិនមានច្រើនដូចមុនមានកូវីដ១៩ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍លោក ថោង ខុន បានអំពាវនាវដល់វិស័យឯកជនលក់កញ្ចប់ទស្សនកិច្ចក្នុងតម្លៃសមរម្យ ខណៈទីភ្នាក់ងារតេសចរណ៍កម្ពុជាក័បានគាំទ្រក្នុងការអំពាវនាវនេះដែរ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានកត់សម្គាល់ឃើញថា ឋិតនៅក្នុងដំណាក់កាលក្រោយកូវីដ១៩ និន្នាការនៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ គឺមិនមានច្រើនដូចមុនកូវីដនោះទេ ដោយកត្តាជីវភាពទាំងភ្ញៀវក្នុងស្រុក និងក្រៅស្រុក។ ការថ្លែងរបស់លោក ធ្វើឡើងក្នុងកិច្ចប្រជុំរៀបចំបុណ្យសមុទ្រ នាទីស្ដីការក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធឡាញ។
ដោយមើលឃើញពីកត្តាជីវភាពរបស់ទេសចរទាំងជាតិ និងអន្ដរជាតិ លោកថោង ខុន ដែលជាប្រធានគណៈកម្មាអន្ដរក្រសួងដើម្បីរៀបចំបុណ្យសមុទ្រផងបាន “អំពាវនាវដល់ វិស័យឯកជនទាំងអស់ត្រូវដាក់ចេញនូវកញ្ចប់ទស្សនកិច្ច ក្នុងតម្លៃឱ្យបានសមរម្យ និងរស់រវើក និងបត់បែនឱ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណា ទាក់ទាញឱ្យបានសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ និងធ្វើយ៉ាងណាសម្រួលនូវរបាំងនៃការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែមានភាពងាយស្រួល»។
លោករដ្ឋមន្ត្រី បានបង្ហាញជំនឿជាក់ថា បើសិនជាវិស័យឯកជនបានរៀបចំតម្លៃទស្សនកិច្ចបានថោកសមរម្យ ព្រមជាមួយនឹងការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ ចូលមកក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលផងនោះ វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងអាចទទួលបានភ្ញៀវទេសចរ កាន់តែច្រើនឡើងបន្ថែមទៀត។
លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា បានគាំទ្រចំពោះការអំពាវនាវរបស់លោករដ្ឋមន្ដ្រី ដោយលោកស្រីថាតម្លៃទសន្សកិច្ចគឺរាងថ្លៃតិចមែន បើធៀបជាមួយប្រទេសជិតខាងកំពុងមានការប្រកួតប្រជែងគ្នា។
លោកស្រីបន្ថែមថា ចំពោះបុណ្យសមុទ្រ នឹងមានការចាប់អារម្មណ៍ច្រើនដែរ សម្រាប់ទេសចរដើរកម្សាន្ដ ដែលយ៉ាងណាលោកស្រីថា ការដើរមក្សាន្ដគឺអាស្រ័យលើកត្តាអាកាសធាតុ តែការរៀបចំព្រឹត្តិការណ៍គឺជាការទាក់ទាញមួយដែរ។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងគ្រោងរៀបចំ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ជាពេលតែមួយដែលកម្ពុជារៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ថ្ងៃទី ៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លើទឹកដីប៉ែកនិរតីនាខេត្តព្រះសីហនុ៕