en     km
en     km

កំពង់ធំ៖គ្រូបង្រៀននិងសិស្សានុសិស្សវិទ្យាល័យទួលក្បិលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសជំរុញ

Share

កំពង់ធំ៖កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពក្នុងឃុំកំពង់ស្វាយបានចុះមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដូសជំរុញជូនដល់គ្រូបង្រៀន និងសិស្សានុសិស្សនៅវិទ្យាល័យទួលក្បិល ស្ថិតក្នុងភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីការពារការឆ្លងនិងការរីករាលជំងឺកូវីដ ១៩ នៅក្នុងសាលារៀននិងនៅក្នុងសហគមន៍។

ក្រុមគ្រូពេទ្យកំពង់ចាក់វ៉ាក់សាំងដូសជំរុញដល់សិស្សានុសិស្សសាលាទួលក្បិល។រូបភាពពី រុន វីរៈ

 

យុវសិស្ស យ៉ិន យីន ជាសិស្សវិទ្យាល័យទួលក្បិលដែលបានចាក់វ៉ាក់សាំងឱ្យដឹងថា មូលហេតុដែលប្អូន ចាក់វ៉ាក់សាំងដូសជំរុញនេះ គឺដើម្បីទប់ស្កាត់និងការពារជំងឺកូវីដ១៩ ព្រោះប្អូនយល់ថាជំងឺនេះ នៅមិនទាន់បាត់ទាំងស្រុងពីប្រទេសកម្ពុជានៅឡើយ។  យុវជនរូបនេះឱ្យដឹងបន្ថែមថា ការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមនេះ ដើម្បីបន្ដការការពារខ្លួនឯង ក្រុមគ្រួសារ​និងអ្នកដទៃក្នុងសហគមន៍កុំឱ្យឆ្លងជំងឺនេះករណីដែលអាចមានការផ្ទុះឡើងជាថ្មី។

យុវសិស្ស យ៉ិន យីន ជាសិស្សវិទ្យាល័យទួលក្បិលចាក់វ៉ាក់សាំងជាដូសជំរុញ។

 

បើទោះបីជាយុវជន យ៉ិន យីន បានចាក់វ៉ាក់សាំងហើយក្តី តែប្អូនឱ្យដឹងថា ប្អូននៅតែរក្សាអនាម័យដោយការសម្អាតដៃជាប្រចាំមុននឹងចាប់ហូបអ្វីមួយ ហើយប្អូនតែងពាក់ម៉ាស់នៅពេលមានការជួបជុំណាមួយ។

ចុងក្រោយយុវជន យ៉ិន យីន សំណុំពរដល់យុវជន និងប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមបន្ដការពារខ្លួន និងបន្ដការចាក់វ៉ាក់សាំងដូសជំរុញតាមការកំណត់របស់រាជរដ្ឋាភិបាលទាំងអស់គ្នា។

ក្រុមគ្រូពេទ្យកំពង់ចាក់វ៉ាក់សាំងដូសជំរុញដល់សិស្សានុសិស្សសាលាទួលក្បិល។រូបភាពពី រុន វីរៈ

 

យោងតាមរបាយការណ៍កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា៖

ការចាក់វ៉ាក់សាំងលើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។

ចំណែកការចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។

មួយទៀតលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៤០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

និងលើកុមារអាយុ ០៥ឆ្នាំ មាន ១៣៤,៥៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

និងចុងក្រោយការចាក់វ៉ាក់សាំងលើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៩,៤១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។

ជាការកត់សម្គាល់កម្ពុជាលែងមានករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជាង២ខែមកហើយ។ តែយ៉ាងណាអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងលើទំព័រសារព័ត៌មានដោយទទូចដល់ប្រជាពលរដ្ឋដែលដល់ពេលចាក់វ៉ាក់សាំងដូសជំរុញ ត្រូវទៅទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារការចម្លងជំងឺ។

ការចាក់វ៉ាក់សាំងគឺដើម្បីការពារពីការផ្ទុះឡើងវិញ និងបន្តរក្សាភាពសុំារបស់រាងកាយទប់ទល់នឹងជំងឺកូវីដ១៩៕

អត្ថបទខ្លីនេះសរសេរដោយ ប៉ា ស្រីល័ក្ខ និងរុន វីរៈ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។

 

Share

Image
Image
Image