រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា ខ្លួនគ្រោងកែលំអអាកាសយានដ្ឋានបែកចាន និងសំណង់អគារសម័យអាណានិគម ដែលមានផ្ទះ និងផ្សារធំបាត់ដំបងផង ដើម្បីទាក់ទាញទេសចរឱ្យទៅទស្សនាកម្សាន្ដ។ គម្រោងនេះជាសំណើដែលរដ្ឋបាលខេត្ត បានធ្វើឡើងចំពោះឯកអគ្គរដ្ឋទូតបារាំងកាលពីថ្ងៃពុធ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍
ដើម្បីទាក់ទាញទេសចរឱ្យទៅទស្សនាកម្សាន្ដខេត្តបាត់បំបង រដ្ឋបាលខេត្តបានកំពុងរៀបចំគ្រោងកែលំអ អាកាសយានដ្ឋាន ឱ្យក្លាយទៅជាអាកាសយានដ្ឋាន ប្រភេទ4C ដែលមានកម្រិតស្មើនឹងអាកាសយានដ្ឋានខេត្តសៀមរាប និងជួសជុលផ្ទះដែលជាសំណង់បុរាណ ព្រមទាំងផ្សារជាសំណង់តាំងពីសម័យអាណានិគមបារាំង។
អាកាសយានដ្ឋានខេត្តបាត់ដំបង រដ្ឋបាលខេត្តបញ្ជាក់ថា ទទួលបានការឯកភាពពីអាកាសចរស៊ីវិលឱ្យធ្វើការកែលម្អ។ ចំណែកផ្ទះដែលជាសំណងបុរាណ កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើការខិតខំក្នុងការថែរក្សាសំណង់ទាំងនោះ តែក៏មានបញ្ហាមួយចំនួនដែលពាក់ព័ន្ធទៅនឹងបញ្ហាបច្ចេកទេស និងថវិកាមួយចំនួនដើម្បីអភិវឌ្ឍន៍តំបន់អភិរក្ស។
ក្នុងកិច្ចជំនួបជាមួយឯកអគ្គរាជទូតបារាំងប្រចាំកម្ពុជានាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានស្នើទៅកាន់ភាគីបារាំង ពិនិត្យមើលលទ្ធភាពជួយដល់សំណង់អគារនេះតាមលទ្ធភាពជាក់ស្ដែង។ ឯកឧត្តមអភិបាលខេត្តថា ថ្ងៃក្រោយតំបន់អភិរក្សបេតិកភណ្ឌ ដែលមានសំណង់អគារបុរាណនេះ នឹងធ្វើឱ្យខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្ត ។ ក្រៅពីសំណង់ផ្ទះបុរាណ ឯកឧត្តមបានបន្តទៀតថា ខេត្តបាត់ដំបង ក៏មានផ្សារមួយជាសំណង់តាំងពីសម័យអាណានិគមបារាំងដែរ កំពុងជួបប្រទះហានិភ័យ ក៏ស្នើដល់បារាំងជួយផងដែរ។
ឯកឧត្តម បានបន្តទៀតថា ខេត្តបាត់ដំបង នៅមានបញ្ហាផ្សេងទៀត គឺកង្វះរោងចក្រកែច្នៃផលិតផលកសិកម្ម ដែលរដ្ឋបាលខេត្តកំពុងធ្វើការគិតគូរស្វែងរកអ្នកវិនិយោគលើវិស័យនេះ ដើម្បីមានលទ្ធភាពកែច្នៃផ្លែឈើ នាំចេញទៅក្រៅប្រទេសបានយ៉ាងងាយស្រួល ។
បើយោងតាមរដ្ឋបាលខេត្តដដែល ភាគីបារាំងដែលមានលោកឯកអគ្គរដ្ឋទូត ហ្សាក់ ប៉ឺឡេ បានបង្ហាញការសរសើរ ដល់រដ្ឋបាលខេត្ត ដែលបានថែរក្សាសំណង់អគារបុរាណនានា ដែលកសាងឡើងតាមសម័យអាណានិគមនិយមបារាំង និងបានធ្វើការជួសជុលជាអន្លើកន្លែងដែលការខូចខាត។ តែលោកថា អ្វីដែលត្រូវដឹងគឺផែនការអភិវឌ្ឍន៍ និងអភិរក្ស សំណង់បេតិកភណ្ឌ សតវត្សន៍ទី២០ ដែលត្រូវធ្វើការសិក្សាអំពីប្លង់លំអិតជាមុនសិន និងធ្វើការពិភាក្សាជាមួយដៃគូនៃប្រទេសបារាំង ។ ចំពោះគម្រោងអាកាសយានដ្ឋាន លោកឯកអគ្គរដ្ឋទូត ថាជាផ្លូវមួយឈានទៅរកដឹកជញ្ជូនកាន់តែមានភាពងាយស្រួល និងបង្កឱ្យមានការលើកស្ទួយនៅក្នុងវិស័យដឹកជញ្ជូននៅខេត្តបាត់ដំបង កាន់តែមានការរីកចម្រើន។
ជាការឆ្លើយតបជាមួយបញ្ហាកង្វះរោងចក្រ លោកឯកអគ្គរដ្ឋទូតថា ប្រទេសបារាំងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងន័យធ្វើការអភិវឌ្ឍឱ្យកាន់តែមានការរីកចម្រើន ដោយធ្វើការផ្សព្វផ្សាយដល់អ្នកវិនិយោគ និងអ្នកទេសចរ ឱ្យមកខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ។
គួរជម្រាបដែរថា កម្ពុជាទទួលបានទេសចរបារាំងរង្វង់២០ម៉ឺននាក់ក្នុងមួយឆ្នាំ៕