en     km
en     km

រដ្ឋលេខាធិការបរិស្ថាននិយាយថា សហគមន៍នៅតំបន់ការពារធម្មជាតិត្រូវការស្ដ្រីខ្លាំងគ្រប់គ្រង

Share

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងកាលពីថ្ងៃអង្គារថា សហគមន៍តំបន់ការពារធម្មជាតិត្រូវការស្ដ្រីខ្លាំងគ្រប់គ្រង ហើយថាតួនាទីស្ត្រីគឺចាំបាច់មិនអាចខ្វះបាន។ ការថ្លែងដូច្នេះបានកើតឡើងបន្ទាប់ពីក្រសួងបរិស្ថានបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្របញ្ជា្របយែនឌ័រក្នុងវិស័យបរិស្ថានឆ្នាំ២០២១-២០២៥កាលពីចុងខែធ្នូ ឆ្នាំ២០២១។

លោក  ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ ម៉ុម ថានី បានលើកឡើងចំនួន៣ ចំណុចសំខាន់ៗទាក់ទងការចូលរួមរបស់ស្ដ្រីក្នុងតំបន់ការពារធម្មជាតិ ដោយចំណុចទី១គឺ លើកពីការចូលរួមរបស់ស្រ្តីក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជាការចូលរួមមិនអាចខ្វះបាន​ ចំណុចទី២ ការគិតគូរ និងវិនិយោគលើការអភិវឌ្ឍសមត្ថភាពរបស់ស្រ្តី ក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ជាការវិនិយោគវ័យឆ្លាត និងទី៣និរន្តភាពនៃសហគមន៍តំបន់ការពារធម្មជាតិទាមទារឱ្យមានការចូលរួមគាំទ្រគ្រប់អ្នកពាក់ព័ន្ធ និងចាំបាច់ត្រូវការស្រ្តីខ្លាំង។

ការលើកឡើងរបស់លោកជំទាវរដ្ឋលេខាធិការ ខណៈចូលរួមបើកកិច្ចប្រជុំបណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិ ដែលសហការរៀបចំឡើងដោយក្រុមការងារបច្ចេកទេសយេនឌ័រ ក្រសួងបរិស្ថាន និងមានកិច្ចសហការពីអង្គការរីខូហ្វ នៅថ្ងៃទី២១ និង២២ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

យោងទៅតាមក្រសួងបរិស្ថាន កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង បទពិសោធន៍ និងវឌ្ឍនភាពរបស់ស្រ្តី ការផ្លាស់ប្តូរបញ្ហាប្រឈម តម្រូវការបន្ថែម ស្តីពីការចូលរួមសកម្មភាព និងគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ, អភិវឌ្ឍន៍សមត្ថភាពរបស់ស្រ្តីក្នុងការបន្តការចូលរួមសកម្មភាពក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងពង្រឹងទំនាក់ទំនងរវាងសមាជិកនៃបណ្តាញស្រ្តីក្នុងតំបន់ការពារធម្មជាតិឱ្យកាន់តែល្អប្រសើរ។

វិទ្យុស្ដ្រីបានទាក់ទងសុំការពន្យល់បន្ថែមពីអ្នកនាំពាក្យក្រសួងបរិស្ថានតែលោកជាប់ប្រជុំ។ យ៉ាងណាលោកជំទាវ ម៉ុម ថានី ថា កិច្ចប្រជុំទាក់ទងការចូលរួមរបស់ស្ដ្រីក្នុងតំបន់ការពារធម្មជាតិពិតជាមានសារៈសំខាន់ មិនសម្រាប់តែបណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិប៉ុណ្ណោះទេ តែសម្រាប់ក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន និងក្រុមការងារអង្គការរីខូហ្វផងដែរ ក្នុងការឆ្លុះបញ្ចាំងពីវឌ្ឍនភាពរបស់បណ្តាញស្រ្តីដែលបានបង្កើតចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ក៏ដូចជាប្រើប្រាស់ឱកាសនេះក្នុងការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពស្រ្តីក្នុងសហគមន៍តំបន់ការពារធម្មជាតិបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្ត បញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២១-២០២៥ របស់ក្រសួងបរិស្ថាន និងផែនការយុទ្ធសាស្រ្តរបស់អង្គការរីខូហ្វ ២០១៨-២០២៥។

គួរជម្រាបដែរថា ផែនការយុទ្ធសាស្ដ្របញ្ជ្រាបយែនឌ័រក្នុងវិស័យបរិស្ថាន គីផ្ដោតលើការចូលរួមរបស់ស្ដ្រីក្នុងផែនការសកម្មភាព និងកម្មវិធីអភិវឌ្ឍន៍តាមផ្នែកពាក់ពន្ធ័ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ៕

 

Share

ព័ត៌មានទាក់ទង

Image