ប្រទេសកម្ពុជាតែងប្រារពពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំ ប៉ុន្តែយើងសង្កេតឃើញថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានផ្អាកពិធីបុណ្យអុំទូក ដោយលើកហេតុផលផ្សេងៗគ្នា។ ដោយឡែកនៅក្នុងឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាក៏បានផ្អាកពិធីបុណ្យអុំទូកដែរ ដោយលើកហេតុផលថា ទឹកទន្លេចតុមុខរាក់ ហើយប្រទេសកម្ពុជាមានភាពរាំងស្ងួត ទើបរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យអុំទូក។
ជុំវិញបញ្ហានេះ អ្នកលក់ដូរភេសជ្ជៈ និងនំចំណីនៅមុខវាំង បានសម្តែងពីកង្វល់របស់ខ្លួន ខណៈពិធីបុណ្យដែលទាក់ទាញមនុស្សច្រើនកុះករកម្សាន្តសប្បាយ ត្រូវបានរដ្ឋាភិបាលប្រកាសផ្អាកទៅវិញ ។
អ្នកប្រកបរបរលក់ដូរតិចតួចនៅតាមមាត់ទន្លេ ខាងមុខព្រះបរមរាជវាំង បានសម្ដែងការមិនពេញចិត្តប្រហាក់ប្រហែលគ្នា ពេលដែលបានដឹងថា រដ្ឋាភិបាលបានផ្អាកពិធីបុណ្យអុំទូកសម្រាប់ឆ្នាំនេះ ។
អាជីវកលក់ភេសជ្ជៈនៅមុខព្រះបរមរាជវាំងមួយរូប អ្នកស្រី សុផល បានថ្លែងពីក្តីបារម្មណ៍របស់ខ្លួន ជុំវិញការផ្អាកពិធីបុណ្យអុំទូកថា អ្នកស្រីព្រួយបារម្មណ៍ខ្លាចក្មេងៗជំនាន់ក្រោយមិនបានដឹងពីបុណ្យប្រពៃណីជាតិរបស់ខ្លួន បើរដ្ឋាភិបាលចេះតែផ្អាកពិធីបុណ្យអុំទូកជាបន្តបន្តាប់ដូចឆ្នេះ។ «រដ្ឋាភិបាលគាត់អត់មានអុំទូកទេ អ៊ីចឹងខ្ញុំអត់ថាម៉េចទេ ព្រោះយើងជាប្រជារាស្ត្រចឹង ក៏ប៉ុន្តែគ្រាន់តែចង់ថា បើគាត់មួយឆ្នាំអត់អុំ មួយឆ្នាំអត់អុំចឹង យូរៗខ្លាចភ្លេចអស់ទៅ ។ ក្មេងដែលវាអត់បានចងចាំដឹងរឿងបុណ្យប្រពៃណីខ្មែរយើង។
អ្នកស្រីបន្តថា អ្នកស្រីមិនជាព្រួយបារម្មណ៍ខ្លាំងទៅលើការលក់ដូរប៉ុន្មានទេ គ្រាន់តែថាពេលដែលមានពិធីបុណ្យអុំទូក គាត់អាចលក់ដាច់ច្រើនជាងពេលមិនមានពិធីបុណ្យអុំទូក។
មានរបរជាអ្នករត់រ៉ឺម៉កកង់បីមួយរូប លោក វា ធន បានឲ្យដឹងថា លោក និងមិត្តភក្តិដែលជាអ្នករត់រ៉ីម៉កកង់បីដូចគ្នាបានរំពឹងថា ក្នុងឱកាសពិធីបុណ្យអុំទូកឆ្នាំនេះ លោកនឹងអាចរកប្រាក់ចំណូលបានច្រើនជាងពេលធម្មតា ដោយមានអ្នកមកដើរលេង ទាំងអ្នកនៅភ្នំពេញនិងអ្នកមកពីតាមបណ្តាខេត្ត មកកម្សាន្តនៅក្នុងពិធីបុណ្យច្រើន ។ តែពេលដែលលោកឮថា ឆ្នាំនេះរដ្ឋាភិបាលផ្អាកពិធីបុណ្យអុំទូក លោកហាក់មិនមានជំនឿថា អ្វីដែលលោករំពឹងទុកនោះបានដូចបំណងឡើយ។
ជាអ្នករត់រ៉ីម៉កកង់បីមួយរូបទៀត លោក សុភា បាននិយាយថា៖ «ឆ្នាំសង្ឃឹមថានឹងបានរត់(កង់បី) ពេលអុំទូក ដល់ពេលរដ្ឋាភិបាលអត់អុំទូកវិញ អាហ្នឹងខ្ញុំមិនដឹងថាធ្វើយ៉ាងម៉េចដែរ កម្រៃដល់អ៊ីចឹងអន់ថយតិចជាងឆ្នាំមុន ។ ឆ្នាំមុនក៏រកមិនសូវបានដែរពេលថ្ងៃអុំទូក ព្រោះរដ្ឋាភិបាលផ្អាកបីបួនឆ្នាំហើយ ដល់ឆ្នាំ២០១៤បានអុំ តែអត់សូវមានមនុស្ស ក៏មិនសូវបានកម្រៃ…»។
អាជីវករលក់ភេសជ្ជៈមួយរូបទៀត លោក សុភ័ណ បាននិយាយថា ពេលមានពិធីបិណ្យអុំទូកលោកអាចលក់បានកម្រៃច្រើនជាងថ្ងៃធម្មតា។ លោកបានសំណូមពរទៅរាជរដ្ឋាភិបាលថា សូមឲ្យឆ្នាំក្រោយៗឲ្យមានពិធីបុណ្យទូកឡើងវិញ ដើម្បីឲ្យលោក និងអាជីវកដទៃទៀត បានលក់អីវ៉ាន់ដាច់ផង។
«ពេលបុណ្យអុំទូកអាចលក់បានច្រើនជាងថ្ងៃធម្មតា បើថាថ្ងៃធម្មតាលក់បានតិចតួច។ មានអីសំណូមពរទៅរដ្ឋាភិបាលអត់ទេ? សំណូមពរថាឲ្យរដ្ឋាភិបាលកុំឲ្យដូចឆ្នាំនេះទៀត ឆ្នាំក្រោយឲ្យអុំទូកឲ្យគេលក់ដាច់ផង»។
អ្នកលក់នំចំណីម្នាក់ទៀត កញ្ញា សារ៉ាន បានប្រាប់ឲ្យដឹងថា៖ «ពេលអុំទូកហ្នឹងលក់ដាច់ច្រើនជាងពេលធម្មតាទេ? លក់ដាច់ជាង ខ្លះគេស្ងោរលក់ថ្ងៃ ហើយ ដល់ពេលយប់លក់ដាច់ទៅស្ងោរលក់ទៀត លក់ដាច់ ។ សំនូមពរឲ្យរដ្ឋាយ៉ាងម៉េច? សុំឲ្យអុំរាល់ឆ្នាំ»។
ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ជាពិធីបុណ្យប្រពៃណីជាតិរបស់ប្រទេសកម្ពុជា និងជាប់ទាក់ទងទៅនឹងប្រវត្តិសាស្ត្រខ្មែរ ដែលមានតាំងតែពីយូរលង់ណាស់មកហើយ ហើយពិធីបុណ្យនេះត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំ តាមប្រតិទិនចន្ទគតិ ត្រូវនឹងថ្ងៃ១៥កើត ពេញបូរមី ខែអស្សុជ ។ នៅកម្ពុជា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែមានរយៈពេលបីថ្ងៃ គឺនៅថ្ងៃ១៤កើតខែអស្សុជ ដល់ថ្ងៃ១រោច ខែកក្ដិក៕