en     km
en     km

សហជីពកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ស្នើឱ្យរដ្ឋាភិបាល និងរដ្ឋសភា ជួយដោះស្រាយវិវាទការងារពួកគេ

Share

សមាជិកសហជីពទ្រទ្រង់ការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានគ្នាប្រមាណ ១០០ នាក់ បានដាក់ញតិ្តនៅខុទ្ទការល័យនាយករដ្ឋមន្ត្រី និងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។ ការដាក់ញត្តិនេះមានគោលបំណងស្វែងរកអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល និងពីរដ្ឋសភា បន្ទាប់ពីការចរចារវាងកម្មករនិយោជិត និងនិយោជក ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារជាង១០ដង មិនទាន់បានលទ្ធផល។

 

សមាជិកសហជីពទ្រទ្រង់ការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមាណ ១០០ នាក់ នៅព្រឹកចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ បានយកញត្តិទៅដាក់នៅខុទ្ទការល័យនាយករដ្ឋមន្ត្រី និងនៅរដ្ឋសភាជាតិ ក្រោមការឃ្លាំមើលពីអាជ្ញាធរក្រុងភ្នំពេញ។

យោងតាមកញ្ញា ឈឹម ស៊ីថរ ដែលជាប្រធានសហជីពទ្រទ្រង់ការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណហ្គាវើលដ៍, ញត្តិដែលដាក់នៅកន្លែងទាំង ២ នោះ មានគោលបំណងស្វែងការដោះស្រាយបញ្ចប់វិវាទការងាររវាងកម្មករនិយោជិត និងនិយោជក នៅក្រុមហ៊ុនណាហ្គាវើលដ៍។ កញ្ញា ឈឹម ស៊ីថរ ថ្លែងដូច្នេះថា៖

«ក្នុងញត្តិហ្នឹង ទាំងទៅសម្តេច អគ្គមហាសេនាបតីតេជោ ស៊ុន សែន ក៏ដូចជា សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិហ្នឹង គឺយើងមានគោលបំណង ៣ ក្នុងការស្វះស្វែងរកអន្តរាគមន៍ពីលោក។ ទី១ គឺស្នើសុំឱ្យលោកទាំង២ ប្រមុខរាជរដ្ឋាភិបាលអន្តរាគមន៍ឱ្យកម្មករនិយោជិតដែលនៅសេលសល់ទាំងប៉ុន្មាននៅទាមទារត្រលប់ចូលធ្វើការវិញហ្នឹង ឱ្យគាត់បានត្រលប់ចូលធ្វើការវិញ។ ហើយកម្មករនិយោជិតណាដែលគាត់ព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាគឺសុំឱ្យណាហ្គាវើលដ៍ទូទាត់ត្រឹមត្រូវទៅតាមច្បាប់ស្តីពីការងារ។ ហើយហ្នឹងទី៣ គឺទម្លាក់ចោលបទចោទ ស្នើសុំទម្លាក់ចោលបទទៅលើថ្នាក់ដឹកនាំសកម្មជន សមាជិក [របស់]យើងដែលជាប់ទោសកន្លងមករហូតដល់មានការឃុំខ្លួន ១៥ នាក់ហ្នឹង។»

ការទាមទារអន្តរាគមន៍ពីរាជរដ្ឋាភិបាលនិងពីរដ្ឋសភានៅព្រឹមមិញនេះ បានកើតឡើងបន្ទាប់ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្របសម្រួលកិច្ចប្រជុំចរចារវាងភាគីវិវាទចំនួន ១៣ ដងមកហើយ ប៉ុន្តែមិនទាន់ឈានទៅដល់ដំណោះស្រាយណាមួយដែលភាគីកម្មករ និងភាគីថៅកែ អាចទទទួលយកបាននៅឡើយ។ កាលពីខែកុម្ភៈ សង្គមស៊ីវិលនៅកម្ពុជាប្រមាណជា១៣៣ អង្គភាព បានយកលិខិតចំហររបស់ពួកគេទៅជូនក្រសួងមហាផ្ទៃនិងរដ្ឋសភាម្ដងរួចមកហើយ ដើម្បីស្នើសុំអន្តរាគមន៍ជួយដោះស្រាយបញ្ហារបស់កូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍។

អំឡុងពេលផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាននៅមុខវិមានរដ្ឋសភាដែលស្ថិតនៅជិតអាគារសាខាក្រុមហ៊ុនណាហ្គាវើលដ៍ទី ២, កញ្ញ ឈឹម ស៊ីថរ បានគូសបញ្ជាក់ថា វាដល់ពេលហើយ ដែលកម្មករនិយោជិតត្រូវប្រាប់ទៅថ្នាក់ដឹកនាំកំពូលៗអំពីគោលបំណងពិតរបស់ពួកគេ។ កញ្ញា ឈឹម ស៊ីថរ លើកឡើងដូច្នេះទៀតថា៖

«ហើយខ្ញុំក៏ចង់បញ្ជាក់ថា វិវាទការងារមួយនេះមិនអាចដោះស្រាយត្រឹមតែហៅបុគ្គលិកទៅបង្ខំឱ្យពួកគាត់ទទួលយកសំណងបញ្ចប់កិច្ចសន្យាទេ ពីព្រោះ នេះគឺវាពាក់ព័ន្ធជាមួយនិងសេរីភាពសហជីព និងសិទ្ធិការងារ។ និយោជកមិនអាចចេះតែបញ្ឈប់ថ្នាក់ដឹកនាំសមាជិក និងសកម្មជន សហជីព ហើយបង់សំណង ហើយបញ្ចប់បញ្ហា ឱ្យពួកគាត់ដើរចេញទេ។ ពីព្រោះថាបើសិនជា បណ្តោយឱ្យនិយោជកធ្វើបែបនេះ ណាហ្គាវើលដ៍ដែលជានិយោជកដែលមានប្រាក់ពាន់លានដុល្លានេះ លុយប៉ុណ្ណឹងមិនមែនជាបញ្ហាសម្រាប់គេទេ តែបញ្ហាសម្រាប់កម្មករនិយោជិត គឺពួកគាត់អត់អាចអនុវត្តសិទ្ធិការងាររបស់គាត់បាន អត់អាចការពារសរីភាពសហជីពរបស់ពួកគាត់បាន គាតអត់អាចបង្កើតសហជីពបាន រវល់តែប្រឈបមុខនិងការបញ្ឈប់។ ហើយនិយោជកចេះតែបង់លុយទៅ ក៏បញ្ចប់រឿងហ្នឹងទៅ ហើយដល់ពេលក្រសួងការងារយើងហ្នឹង ដែលមានតួនាទីក្នុងការជំរុញឱ្យនិយោជកអនុវត្តច្បាប់ ក៏គាត់មិនបានបំពេញតួនាទីរបស់ខ្លួនឯងឱ្យជាអ្នកសម្របសម្រួល ឱ្យនៅកណ្តាល ឱ្យមានយុត្តិធម៌ទាំងសងខាងទៀតសោត ចឹងគឺបានន័យថា វានឹងមានបញ្ហា មានហានិភ័យខ្ពស់ណាស់សម្រាប់សេរីភាព ហើយនិងសិទ្ធិការងាររបស់កម្មករនិយោជិត។»

ក្នុងដំណើរដង្ហែញត្តិនៅព្រឹកមិញ មិនមានការប៉ះទង្គិចណាមួយ រវាងកងកម្លាំងអាជ្ញាធរក្រុងភ្នំពេញ និងក្រុមកម្មករនិយោជិត បានកើតឡើងគួរឱ្យកត់សម្គាល់ទេ។ តែកងកម្លាំងមានសមត្ថកិច្ចក្រុងភ្នំពេញហាក់បានសម្ដែងឥរិយាបទរឹងរ៉ឹងចំពោះក្រុមអតីតបុគ្គលិកនៃក្រុមណាហ្គាវើលដ៍ដែលស្វះស្វែងអន្តរគមន៍ប្រមុខរាជរដ្ឋាភិបាល ក្នុងការព្យាយាមរកដំណោះស្រាយចំពោះវិវាទការងារដ៏អូសបន្លាយពេលជាង ១ ឆ្នាំមកហើយនេះ។

កាលពីថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ សហជីពទ្រទ្រង់ការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើសន្និសីទសារព័ត៌មានមួយនៅសណ្ឋគារកាំបូឌីយ៉ាណា ក្នុងគោលបំណងបង្ហាញអំពីបច្ចុប្បន្នភាពនៃដំណើរការចរចារដោះស្រាយវិវាទការងារ ព្រមទាំងអំពីការបន្តធ្វើទុក្ខបុកម្នេញនិងការប្រើប្រាស់អំពើហិង្សាពីសំណាក់កងកម្លាំងក្រុងភ្នំពេញ មកលើក្រុមអ្នកតវ៉ានៅក្រុមហ៊ុនណាហ្គាវើលដ៍។ អំឡុងពេលសន្និសីទនោះ ភាគីសហជីពបានរាយការណ៍អំពីការ

វាយធ្វើបាប ការរុញច្រានឱ្យកូដករឡើងលើឡានក្រុង ពីសំណាក់អាជ្ញាធរនិងជនស៊ីវិលគ្មានអត្តសញ្ញាណ រហូតធ្វើឱ្យកូដករខ្លះមានរបួស និងរលូតកូនក្នុងផ្ទៃ។ អំឡុងពេលនោះផង សហជីពបានអំពាវនាវឱ្យអាជ្ញាធរដកខ្លួនចេញពីវិវាទការងារមួយនេះ ហើយឈប់ធ្វើទុក្ខបុកម្នេញលើក្រុមអ្នកតវ៉ា។

កូដកម្មរបស់ភាគីកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ បន្ទាប់ពីក្រុមហ៊ុននេះបានសម្រេចបញ្ឈប់កម្មករនិយោជិតរបស់ខ្លួនរាប់រយនាក់ជាក្រុម, ហើយភាគីសហជីពចោទនិយោជកថាមានបំណងលុបបំបាត់សហជីពចេញពីក្រុមហ៊ុនកាស៊ីណូមួយនេះ៕

Share

ព័ត៌មានទាក់ទង

Image