en     km
en     km

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ចេញលិខិតព្រមានពលរដ្ឋដែលទន្ទ្រានដីតំបន់ការពារធម្មជាតិ

Share

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានចេញលិខិតព្រមានពលរដ្ឋដែលទន្ទ្រានដីនៅតំបន់ការពារធម្មជាតិ ឱ្យចាកចេញពីទីនោះជាបន្ទាន់។ បន្ទាប់ពីមានការចុះអន្តរាគមដល់ទីតាំងផ្ទាល់ដោយមន្ដ្រីមន្ទីរបរិស្ថាន ប្រជាពលរដ្ឋមួយចំនួនបានចាកចេញទៅវិញហើយ។

លោក ឡាក់ ច័ន្ទតារាជូនសេចក្ដីរាយការណ៍

នៅក្នុងលិខិតចេញថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ទាក់ទងការកាន់កាប់រុករាន ទន្ទា្រន ឆ្កាដុតដីព្រៃ ដាំដំណាំ និងការវាស់វៃងដីព្រៃ បង្កើតជាការប្រមូលផ្ដុំពលរដ្ឋប្រមាណ៥០០នាក់ ក្នុងភូមិសាស្ដ្រស្ទឹងខៀវ ជើងភ្នំខ្មោច ដោយមានមេក្លោងមួយចំនួនបានបំផុសដល់ប្រជាពលរដ្ឋ,មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានចេញលិខិតអំពាវនាវ និងតម្រូវឱ្យប្រជាពលរដ្ឋចាកចេញពីទីនោះជាបន្ទាន់។

តំបន់ដែលមានការបំផុសឱ្យប្រជាពលរដ្ឋសាងសង់រោង ខ្ទម គឺជាតំបន់ការពារធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស មានផ្ទៃដីទំហំប្រមាណ២៧៩០ ហិចតា ស្ថិតនៅក្នុងភូមិ ចម្ការព្រៃខាងត្បូង ឃុំអន្លង់រាប ស្រុវាលវែង។ មន្ទីរបរិស្ថានបានបញ្ជាក់ថា ធ្លាប់បានចុះពិនិត្យមើល និងផ្សព្វផ្សាយសេចក្ដីជូនដំណឺងម្ដងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ដល់ប្រជាពលរដ្ឋដែលសាងសងរោង និងខ្ទម ថាជាសកម្មភាពខុសច្បាប់ ត្រូវផ្ដន្ទាទោស។ មន្ទីរបរិស្ថានលើកឡើងដូច្នេះ ដោយយោងទៅតាមសេចក្ដីជូនដំណឹងលេខ១៧២៤/២២ សជណ.ពស ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ដីពីចាត់វិធានការរដ្ឋបាល​បោសសំអាតការសាងសងរោង ខ្ទម ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយឱ្យបញ្ឈប់ជាបន្ទាន់ និងវិលទៅស្រុកភូមិកំណើតវិញ ដោយស្នើដីប្រើប្រាស់ភូមិ ឃុំ ស្រុក ខេត្ត សាមី។

មេក្លោងមួយចំនួនបំផុសមិនឱ្យប្រជាពលរដ្ឋចាកចេញ​ និងកៀងគរប្រជាពលរដ្ឋមន្ថែមទៀត អភិបាល នៃគណៈអភិបាលខេត្តពោធិសាត់ បានចេញលិខិតលេខ២២៦៥/២២ ចុះថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២២ ចាត់វិធានការរដ្ឋបាលបោសសំអាតការសាងសងរោង ខ្ទមនៅតំបន់ការពារធម្មជាតិនោះ។

យ៉ាងណា យោងទៅតាមច្បាប់ភូមិបាលឆ្នាំ២០០១ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ​ឆ្នាំ២០០៨ ការទាមទារកាន់កាប់ដីនៅតំបន់ខាងលើពីសំណាក់ប្រជាពលរដ្ឋគឺពុំស្របច្បាប់ឡើយ។ មន្ទីរបរិស្ថានបន្ថែមថា ប្រជាពលរដ្ឋគ្មានសិទ្ធលក់ដូរ និងផ្ទេរកម្មសិទ្ធដីព្រៃរបស់រដ្ឋទៅបុគ្គលណាម្នាក់ឡើយ។ មន្ទីរបរិស្ថានខេត្តពោធិសាត់ បញ្ជាក់ថា ការព្យាយាមទាមទារដីរបស់ប្រជាជាពលរដ្ឋម្ដងហើយម្ដងទៀត គឺជាការខុសច្បាប់។

លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រាប់វិទ្យស្រ្ដីថា មន្ទីរបានកំណត់អត្ដសញ្ញាណមេក្លោងដែលនាំប្រជាពលរដ្ឋ និងវាស់វែងដីកាត់ឱ្យប្រជាពលរដ្ឋបានចំនួន៤នាក់ហើយ ខណៈនៅមានជាច្រើនអ្នកទៀត។

លោកបន្ថែមថា ក្រោយពីមន្ទីរបរិស្ថាន និងកម្លាំងមានសមត្ថកិច្ចបានចុះបង្រ្កាននៅថ្ងៃម្សិលមិញប្រជាពលរដ្ឋខ្លះបានចាកចេញហើយ ទន្ទឹមប្រជាពលរដ្ឋខ្លះទៀតបានរត់គេច តែកម្លាំងអាជ្ញាធរតាមដានរកបន្ដទៀត។ មន្ទីរបរិស្ថានក៏បានសម្អាតទីទាំងតាំងទាំងនោះ មានចង់ប្លាស្ទិច តង់ធំៗ ដើម្បីចៀសវាងការបំពុលដល់បរិស្ថាន និងសត្វព្រៃតំបន់នោះផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលទៅសាងសងរោង និងខ្ទមនៅក្នុងតំបន់ការពារធម្មជាតិភ្នំសំកុស គឺធ្វើចំណាកស្រុកមកពីខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ព្រះវិហារ ក្រចេះ និងខេត្តកំពង់ចាម។ មន្ទីរបរិស្ថានស្នើរដល់ប្រជាពលរដ្ឋកុំចាញ់បោកការញុះញង់មេក្លោង ហើយវិលទៅលំនៅដើមវិញ និងរៀបចំពាក្យស្នើសុំដីសម្បទានសង្គមកិច្ច តាមរយៈភូមិ ឃុំ ស្រុក ខេត្តសាមី ដោយស្របច្បាប់៕

Share

Image
Image
Image