ក្រោយពេលបក្សប្រឆាំងនៅប្រទេសភូមា ឈ្នះការបោះឆ្នោតជាតិភ្លូកទឹកភ្លូកដី ក៏មានការប្រៀបធៀបថា បក្សប្រឆាំងនៅប្រទេសកម្ពុជា ក៏នឹងឈ្នះការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខដូចប្រទេសភូមាដែរ ដោយសំអាងថា ប្រជាពលរដ្ឋចង់បានការផ្លាស់ប្ដូរ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរដ្ឋាភិបាលកម្ពុជាបានថ្លែងថា មេដឹកនាំបក្សប្រឆាំងនៅកម្ពុជា គឺលោកសម រង្ស៊ី មិនមានភាពអង់អាចគ្រប់គ្រាន់ ហ៊ានប្រឈមនឹងការជាប់គុកច្រវាក់ ដូចមេដឹកនាំបក្សប្រឆាំងនៅប្រទេសភូមានោះទេ។
ខណៈលោកសម រង្ស៊ី កំពុងបំពេញបេសកកម្មនៅក្រៅប្រទេស មានដូចជាអូស្ត្រាលី ជប៉ុន និងកូរ៉េ ជាដើមនោះ នៅកម្ពុជាឯណេះ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលោកសម រង្ស៊ី ដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ករណីលោក សម រង្ស៊ី បានថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។
ក្រោយពេលមានដីកាបង្គាប់ឲ្យចាប់ខ្លួនលោកសម រង្ស៊ី ក៏មានការដកអភ័យឯកសិទ្ធិ និងបុព្វសិទ្ធិតំណាងរាស្ត្ររបស់លោកភ្លាមៗដែរ ។ យ៉ាងនោះក្ដីក៏ លោកសម រង្ស៊ី បានប្រកាសពីប្រទេសកូរ៉េខាងត្បូងមកថា លោកមិនខ្លាចការចាប់ខ្លួននោះទេ ហើយលោកនឹងវិលមកកម្ពុជាវិញ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ដោយបានទាំងអំពាវនាវឲ្យអ្នកគាំទ្រខ្លួន កុំមានប្រតិកម្មតបតនឹងការចាប់ខ្លួននោះឡើយ។
នៅពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការ ដើម្បីចាប់ខ្លួនលោកសម រង្ស៊ី ដែលមានសុទ្ធតែមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៅក្នុងគណៈកម្មការនោះ ហើយក៏មានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបការធ្វើបាតុកម្មប្រឆាំងនឹងការចាប់ខ្លួនលោកសម រង្ស៊ីផងដែរ។ ជាងនេះទៅទៀត រដ្ឋាភិបាលក៏បានត្រៀមកងកម្លាំង និងរថយន្តបង្ក្រាបបាតុកម្មច្រូងច្រាង ចាំចាប់ខ្លួនលោកសម រង្ស៊ី។
បន្តិចក្រោយមក មានព័ត៌មានផ្សាយថា លោកសម រង្ស៊ី នឹងមិនចូលមកកម្ពុជានៅយប់ថ្ងៃទី១៦ ខែវិច្ឆិកានោះទេ ដើម្បីបញ្ចៀសការប៉ះទង្គិច ដោយលោកនឹងចូលមកនៅពេលថ្ងៃវិញ។
ពីរបីថ្ងៃក្រោយពេលលោកសម រង្ស៊ី ពន្យារពេលវិលចូលមកប្រទេសវិញ ក៏មានដីកាមួយបន្ថែមទៀត ឲ្យលោកសម រង្ស៊ី ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ ខាងមុខ ករណីហ្វេសប៊ុករបស់លោក ផ្សាយព័ត៌មានរបស់លោកហុង សុខហួរ ដែលរដ្ឋាភិបាលបានចោទថា ក្លែងសន្ធិសញ្ញាព្រំដែន ដែលកម្ពុជា វៀតណាម បានធ្វើនៅឆ្នាំ១៩៧៩។
មកដល់ពេលនេះគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ បានសម្រេចមិនឱ្យ លោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញទេ លុះណាតែមានការសម្របសម្រួលនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយស្ថានការណ៍បានវិលទៅរកប្រក្រតីភាពឡើងវិញ ។
តើលោកសម រង្ស៊ី ពិតជាអ្នកនយោបាយកំសាក ខ្លាចគុក ដូចការលើកឡើងរបស់មនុស្សមួយចំនួនមែនទេ បានជាលោកគេចវេសមិនហ៊ានវិលត្រឡប់មកកម្ពុជាវិញ ខណៈរដ្ឋាភិបាលបានប្រុងប្រៀបចាប់ខ្លួនលោកនោះ?
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកសូ ចន្ថា មានប្រសាសន៍ថា តាមការពិនិត្យមើលរបស់លោក នៅថ្ងៃដែលលោកសម រង្ស៊ី គ្រោងត្រឡប់មកកម្ពុជាវិញនោះ មានយុវជន និងសកម្មជនគណបក្សសង្គ្រោះជាតិ ត្រៀមខ្លួនទៅទទួល ចំណែករដ្ឋាភិបាលក៏បានត្រៀមខ្លួនជាស្រេច ដើម្បីចាប់ខ្លួនលោកសម រង្ស៊ី ដោយមានទាំងកម្លាំងបង្ក្រាបផងដែរ។
លោកសាស្ត្រាចារ្យបន្តថា បើលោកសម រង្ស៊ី ត្រឡប់មកវិញតាមការសន្យា អាចនឹងមានការប៉ះទង្គិចគ្នាកើតឡើង៖ «បើសិនជាលោកត្រឡប់មកវិញ ខ្ញុំគិតថានឹងមានការប៉ះទង្គិចគ្នា រវាងអ្នកគាំទ្រជាមួយនឹងកងកម្លាំងរដ្ឋាភិបាល ឬក៏អាចប៉ះទង្គិចគ្នាជាមួយនឹងភាគីទីបីមួយទៀត ដែលយើងតែងតែហៅថាជាក្រុមបាតដៃទី៣ ដែលរហូតមកដល់ពេលនេះមិនទាន់មាននរណាមួយ ដែលចេញមុខទទួលស្គាល់ ហើយទទួលខុសត្រូវចំពោះសកម្មភាពក្រុមបាតដៃទី៣ហ្នឹងទេ ។ ឧទាហរណ៍ដូចជាករណីក្រុមវាយតំណាងរាស្ត្រពីររូបឲ្យរងរបួស ហើយរហូតមកទាល់ពេលនេះ យើងឃើញថាចំណាត់ការមិនទាន់មាននៅឡើយ» ។
លោកសាស្ត្រចារ្យសូ ចន្ថា មានប្រសាសន៍បន្ថែមថា ការគេចវេសរបស់លោកសម រង្ស៊ី មិនចូលមកមាតុប្រទេសវិញនោះ ម្យ៉ាងបង្ហាញឲ្យឃើញពីភាពទន់ខ្សោយរបស់មេដឹកនាំ ប៉ុន្តែម្យ៉ាងទៀត ក៏អាចធ្វើឲ្យកម្ពុជាឆ្លងផុតអំពើហិង្សា ដែលអាចនឹងកើតឡើងបានដែរ «ការដែលមិនត្រឡប់មកវិញស្របពេលដែលមានការសន្យាហ្នឹង គឺជាផ្នែកមួយបង្ហាញពីភាពខ្សោយរបស់មេដឹកនាំ ក៏ប៉ុន្តែការដែលមិនត្រឡប់មកវិញ អាចបញ្ចៀសនូវបញ្ហាហិង្សា ដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចបន្ថែមទៀត»។
ចំណែកសាស្ត្រាចារ្យវិទ្យសាស្ត្រនយោបាយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា តាមការសង្កេតរបស់លោកឃើញថា ជាទូទៅ លោកសម រង្ស៊ី មិនសូវចូលប្រឈមនឹងបញ្ហាច្បាប់ ឬក៏បញ្ហាគុកដូចលោកស្រីអ៊ុងសាន ស៊ូជីទេ។
លោកសាស្ត្រាចារ្ យឯម សុវណ្ណារ៉ា បន្តថា ទី១ ដោយសារលោក សម រង្ស៊ី មិនទុកចិត្តប្រព័ន្ធគ្រប់គ្រងពន្ធនាគារនៅកម្ពុជា ពុំមានលក្ខណៈសមស្របដូចនៅប្រទេសដទៃទៀត ដែលអ្នកទោសនយោបាយមិនត្រូវបានរក្សា ជាហេតុនាំឲ្យគាត់បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ ទី២ លោកសាស្ត្រាចារ្យបន្ថែមថា ការគិតពិចារណាទៅលើសុវត្ថិភាពរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក៏ជាចំណែកដែលត្រូវឲ្យតម្លៃលោក សម រង្ស៊ីផងដែរ។
«ប្រសិនបើជាលោកចូលមកក្នុងករណីនៅថ្ងៃទី១៦ ហ្នឹងមែន ហើយមានការបង្ក្រាប ការប៉ះទង្គិចទៅលើការ បញ្ហាសុវត្ថិភាពអ្នកគាំទ្រ និងអ្នកបាតុកម្មប្រឆាំង យើងឃើញថា ជាការភ័យបារម្ភពីស្ថេរភាពនយោបាយនៅកម្ពុជាកាន់តែខ្លាំង ធ្វើឲ្យពលរដ្ឋកាន់តែមានបញ្ហាកាន់តែ គេហៅថា មើលមុខគ្នាមិនត្រង់ រវាងអ្នកគាំទ្របក្សប្រឆាំង និងអ្នកគាំទ្រគណបក្សកាន់អំណាច ។ អានេះជាភាពមួយបញ្ចៀសបាន យើងសូមគាំទ្រកន្លែងហ្នឹង»។
ផ្អែកតាមសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយទាំងពីររូបខាងលើ ឃើញថា ការពន្យារពេលវិលមកមាតុប្រទេសវិញ របស់លោក សម រង្ស៊ី មួយផ្នែកអាចបង្ហាញឲ្យឃើញពីភាពទន់ខ្សោយរបស់មេដឹកនាំ តែមួយផ្នែកទៀត ក៏បង្ហាញឲ្យឃើញនូវភាពឈ្លាសវៃរបស់មេដឹកនាំផងដែរ ក្នុងការបញ្ចៀសអំពើហិង្សា ដែលអាចកើតមាន ហើយនាំឲ្យប្រទេសជាតិមានអស្ថេរភាព៕